ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បន្ទាប់ពីអនុវត្តន៍ដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ដែលធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។
នៅក្នុងពិធី «សម្ពោធបើកឱ្យដំណើរការជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន(ភ្នំពេញ) ឯ.ក» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មានអ្នកខ្លះនិយាយថា ធុញទ្រាន់ជាមួយនឹងការលើកឡើងពីសន្តិភាព ប៉ុន្តែសុខចិត្តឱ្យគេថា ចុះ ប្រសើរជាងបាត់បង់សន្តិភាពដូចកាលពីអតីតកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពដើម្បីផលប្រយោជន៍ជាតិ និងគ្រួសារ ព្រោះសន្តិភាពគឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រឡប់មកវិញ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ៖ ពាក្យសន្ដិភាពនេះ គឺសំខាន់ណាស់ គេរិះគន់នៅពេលដែលខ្ញុំនិយាយពីពាក្យសន្ដិភាពនេះ ប៉ុន្ដែខ្ញុំសុខចិត្តនិយាយពាក្យនេះទាល់តែគេយល់សប្ដិឃើញ ក៏ខ្ញុំនៅតែនិយាយពាក្យនេះដែរ ដើម្បីរក្សាសន្ដិភាព។ សន្ដិភាពនេះ គឺជាគ្រឹះសំខាន់ក្នុងការការពារកុំឱ្យរបបខ្មៅងងឹតត្រលប់មកវិញ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី លើកថា ៖ ទីតាំងនៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា, ទីតាំងតំបន់ឱរ៉ាល់នេះ ក៏ជាកន្លែងដែលសម្ដេចតេជោ ចាប់ផ្ដើមយកធ្វើការចាប់ផ្ដើមស្វែងរកសន្ដិភាពមុនគេផងដែរ ៕
ដោយ ៖ សិលា