ព័ត៌មានទាន់ហេតុការណ៍៖

ក្ដៅស្លឹកត្រចៀក! ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ សូមប្អូន TP News បកស្រាយឡើងវិញជាបន្ទាន់ ខណៈផ្សាយព័ត៌មានមិនពិត ត្រូវរក្សាក្រមសីលធម៌វិជ្ជាជីវៈផង

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក យ៉ាងដូច្នេះថា៖ សូមជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១/០៥/២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ ចំនួន០៣នាក់ (តែមានប្អូនប្រុសម្នាក់នេះដែលផ្សព្វផ្សាយថាជាករណីរំលោភបូក ដែលបានលទ្ធផលថា ចំនួន០៨នាក់នោះ ជារឿងមិនពិតនោះទេ) ដែលធ្វើឱ្យប៉ះពាល់អារម្មណ៌៍ និងកត្តិយស ដល់គ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គឺលោកដឹកនាំបញ្ជាផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យ ធ្វើកោសល្យវិច័យលើសាកសព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និង អង្កការ CPU ផងដែរ ។

លោកស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា៖ ដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះ សូម រក្សាក្រមសីលធម៌វិជ្ជាជីវៈផង (សូមបកស្រាយឡើងវិញជាបន្ទាន់)។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏សូមសំណូមពរដល់ក្មួយៗស្រីៗ ឬអាណាព្យាបាលទាំងឡាយ សូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួរទុកចិត្ត ឬហៅចេញទៅកន្លែងស្ងាត់ៗ វាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។ សូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើង៕

ដោយ៖តារា


ចែករំលែក៖