ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី ៣០ខែ ឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាល ព្រហ្ម ទណ្ឌកម្រិតស្រាល បានចុះទៅត្រួត ពិនិត្យ និងស្រាវ ជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងនៅខាងមុខខារ៉ាអូខេ៣៣៣ចាស់ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍នេះ មានជនជាតិខ្មែរចំនួន ០២ក្រុម បានប្រព្រឹត្តសកម្មភាពវាយគ្នាទៅវិញទៅមកដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យមានបុរសម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលបឋមនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅវេលាម៉ោង ១៧និង ៤០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន ០៥នាក់ ពីរភាគីដែលជាជនជាតិខ្មែរ បន្ទាប់ពីសួរនាំ និងស្រាវជ្រាវ បានបញ្ជាក់ថាជនទាំងនេះពាក់ព័ន្ធជាក់ស្តែងនឹងសកម្មភាពខាងលើ។ ជនសង្ស័យ រងរបួសត្រូវបានការព្យាបាល ដោយរងរបួសក្បាល (ដេរចំនួន ៣ថ្នេរ ជម្រៅ ០.៥សម, ប្រវែង ៣.៥សម) ។
អត្តសញ្ញាណជនសង្ស័យ៖
ភាគីទី១ :
១-សាយ និល (ភេទប្រុស, កើតឆ្នាំ ១៩៨៨) មុខរបរ ដឹកសង្ហារឹម
២-និល សន្យា (ភេទប្រុស, កើតឆ្នាំ ២០០៨) មុខរបរ នៅផ្ទះ។
ភាគីទី២ :
១-សុខ ចាន់រះ (ភេទប្រុស, កើតឆ្នាំ ២០០៤) មុខរបរ ដឹកអីវ៉ាន់
២-អឿន គីមហេង (ភេទប្រុស, កើតឆ្នាំ ១៩៩៩) មុខរបរ រត់ផាស់អាប់
៣-ស៊ុន សុខលី (ភេទប្រុស, កើតឆ្នាំ ២០០៥) មុខរបរ រត់ផាស់អាប់ ។
សម្ភារៈត្រូវបានចាប់យក៖
• ម៉ូតូ BAJAJ RE ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង
• ម៉ូតូ CB150R ពណ៌ខ្មៅ ស្លាកលេខ កំពត 1Q-4922
• ទូរស័ព្ទ iPhone X, VIVO, OPPO (ចំនួន ៣គ្រឿង)
• ច្រវាក់ម៉ូតូ ១ខ្សែ
• សោម៉ាលែតដែក ១ដើម
• កាំបិតបុ័ងតោ ១ដើម ។
ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ជាបន្ត ៕
ដោយ៖ សូរិយា