ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកព័ត៌មានក្រៅ កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បន្តិច !

ចែករំលែក៖

ភ្នំពេញ ៖ ព័ត៌មានពិតជួយដល់សង្គម  លើកតម្កើងផលប្រយោជន៍ប្រទេសជាតិ  និងផ្តល់ការពិតឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់លាស់ មិនខុសពី លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មានរួមគ្នាប្រើប្រាស់ស្លាបប៉ាកា តម្កល់ផល ប្រយោជន៍ជាតិជាធំ និងផ្តល់ព័ត៌មានពិត ត្រឹមត្រូវដល់ពលរដ្ឋពាក់ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ! ។ 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ ។ 

អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ក៏ឆ្លៀតរំលឹកពីប្រសាសន៍ថ្នាក់ដឹកនាំបន្តិច ខណៈករណីកិច្ចប្រជុំ កំពុងដំណើរការខាងក្នុង ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃនេះគឺ ៖ 

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ 

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។ 

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច។ 

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅម៉ោងជិត១២ ថ្ងៃទី ១៤ មិថុនានេះ បានបើកកិច្ចប្រជុំហើយ ក្រោយមានប្រជុំចង្អៀត ។

កិច្ចប្រជុំនេះ  មាន លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា និង ជាប្រធានគណៈកម្មការកិច្ចការព្រំដែនភាគីកម្ពុជា និង លោក Prasas Prasasvinitchai ប្រធានគណៈកម្មការភាគីថៃ ។ ចំពោះព័ត៌មានផ្លូវការ នឹងបន្តផ្សព្វផ្សាយលម្អិត ពីលទ្ធផល កិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមា និង បោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ៕

ដោយ ៖ សិលា


ចែករំលែក៖