ភ្នំពេញ៖ ពិតជារន្ធត់ណាស់ យុវជន០២នាក់ត្រូវរថយន្ដម៉ាកMercedes បុកពីក្រោយ បណ្ដាលអោយដួសបោកក្បាលហូរឈាមដាមនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯម៉ូតូកិនអូសខ្ទាតទៅផ្លូវម្ខាងទៀតជិត២០០ម៉ែត្រ រថយន្ដបើករត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣និង៤០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ត្រង់ចំណុចមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំង០២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ មានយុវជន០២នាក់ជិះម៉ូតូម៉ាកនិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1JB- 7324 ជិះឌុបគ្នាបានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសព័ន្ធរុស្សុី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលនោះក៏ស្រាប់តែមានរថយន្ដម៉ាក Mercedes មួយគ្រឿងពណ៌ខ្មៅដែលមិនចាំផ្លាកលេខ បានបើកដេញពីក្រោយតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សុីស្របទិសគ្នា លុះមកដល់ចំណុចមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបុកចំពីក្រោយពេញទំហឹងបណ្ដាលអោយយុវជនទាំង០២នាក់ដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ឯម៉ូតូកិនអូសជិត២០០ម៉ែត្រ ខ្ទាតទៅផ្លូវម្ខាងទៀតខូចខាតយ៉ាងដំណំ។
ចំណែករថយន្ដបង្កបានបើកចេញពីកន្លែងកើតហេតុឆ្ពោះទៅលើស្ពានអាកាសផ្សារដីហុយបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងម៉ូតូជនរងគ្រោះយកទៅរក្សារទុក។ ឯរថយន្ដដែលបង្កដែលបើករត់គេច សមត្ថកិច្ចធ្វើការស្រោវជ្រោវតាមរកដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះទាំង០២នាក់សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏យកសពទៅរក្សាទុកនៅវត្ដទឹកថ្លារង់ចាំសាច់ញាតិមកយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ