ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ហៅតាក់ស៊ីជិះពីក្រុងព្រះសីហនុសំដៅភ្នំពេញ រួចគំរាមឱ្យបើករកកន្លែងស្ងាត់,អ្នករត់ តាក់ស៊ី ប្រើល្បិចទិញទឹកផឹកទើបរួចខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ខណៈដែលជិះរថយន្តតាក់ស៊ីមកពីខេត្តព្រះសីហនុ ក្នុងគោលបំណងទៅរាជធានីភ្នំពេញ តាមផ្លូវល្បឿនលឿន លុះមកដល់ចំណតកំពង់ស្ពឺខាងលិច បែរជាដកទូរស័ព្ទអ្នកបើកបររថយន្តតាក់ស៊ីថែមទាំងបញ្ជាឱ្យបត់តាមផ្លូវជាតិលេខ៤ ត្រឡប់ទៅទិសខាងលិចវិញ ដើម្បីរកកន្លែងស្ងាត់ហើយធ្វើសកម្មភាព សំណាងល្អអ្នកបើកបររថយន្តតាក់ស៊ី ធ្វើ ជាសុំទិញទឹកផឹក ឱកាសល្អស្រែកឱ្យប្រជាពលរដ្ឋ ជួយឃាត់ជនជាតិចិននោះបាន។

ការឃាត់ខ្លួនជនជាតិចិនគំរាមតៃកុងរថយន្តខាងលើនេះកាលពីម៉ោង១២និង១៧នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ជនសង្ស័យជាជនជាតិចិនដែលប្រជាពលរដ្ឋ និងតៃកុងរថយន្តតាក់ស៊ីឃាត់ប្រគល់ឱ្យសមត្ថកិច្ចនេះ ឈ្មោះLIU XIAO QIANG  ភេទប្រុសអាយុ៤៨ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ EN 2866817ស្នាក់នៅខេត្តព្រះសីហនុ។

ចំណែកម្ចាស់រថយន្តតាក់ស៊ីដែលជាជនរងគ្រោះមាន ឈ្មោះ ហ៊ាន ធឹម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ីស្នាក់នៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅក្នុងភូមិជើងទឹក ឃុំប្រាំយ៉ាម   ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម ។

នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងទៀតថា បើតាមការរៀបរាប់ពីជនរងគ្រោះ ម្ចាស់រថយន្តតាក់ស៊ីថា កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៦ ខែមិថុនា រូបគេរត់តាក់សុីហើយ ជនបរទេស (ជនជាតិចិន) ម្នាក់បានហៅជិះរូបគេក៏ដឹក ដោយជនជាតិចិនមានឈ្មោះ LIU XIAOQIANG  ភេទប្រុសអាយុ៤៨ឆ្នាំ លិខិតឆ្លងដែនលេខ EN 2866817 ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយធ្វើដំណើរ តាមផ្លូវល្បឿនលឿន ។

អ្នកបើកបររថយន្តតាក់ស៊ីបានបន្តថា លុះពេលធ្វើដំណើរ មកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦០ ជនជាតិចិនខាងលើបានដកយកទូរស័ព្ទពីរូបគាត់(អ្នកបើករថយន្ត)ទុកហើយស្រែកគំរាម និងសំឡុត លុះធ្វើដំណើរ រហូតដល់ច្រកកំពង់ស្ពឺលិច លើផ្លូវល្បឿនលឿន ជនជាតិចិនរូបនោះបានបញ្ជាឲ្យខ្លួន( ជនរងគ្រោះ) បើក រថយន្តចេញ បត់មកទិសខាងលិចវិញតាមផ្លូវជាតិលេខ៤ ដើម្បីរកកន្លែងស្ងាត់ធ្វើសកម្មភាពអ្វីមួយ។

ការធ្វើដំណើរទាំងមានការភិតភ័យនិងក្តីបារម្ភ លុះដល់បង្គោលគីឡូម៉ែត្រលេខ(៩០-៩១)ក្នុងភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច(មានកន្លែងលក់ដូរ) ជនរងគ្រោះ បានប្រើល្បិចឈប់រថយន្តប្រាប់ជនជាតិចិនថាឈប់ចុះទិញទឹកផឹកសិន ដោយឃើញឱកាសល្អ តៃកុងរថយន្តក៏ ប្រាប់អ្នកលក់ដូរ និង ប្រជាពលរដ្ឋដែលរស់នៅទីនោះដើម្បីឱ្យ ជួយអន្តរាគមន៍ បានប្រតាយ ប្រតប់ឃាត់ជនសង្ស័យជនបរទេស (ជនជាតិចិន)រូបនោះបាន និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល មកទទួលយកតែម្តង។

ក្រោយពីទទួលបានជនជាតិចិនដែលជាជនសង្ស័យ និងបានរាយការណ៍បន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យ និងដកហូតម្ស៉ៅក្រាមសង្ស័យជាគ្រឿងញៀន ច្រកក្នុងថង់ផ្លាស្ទិក ចំនួនមួយថង់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនត្រូវ បានបញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖