ភ្នំពេញ ៖ «ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្រប សម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨» !
ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សា សម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។ សេចក្តីសម្រេចនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ ពេញអង្គលើកទី២២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ នៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នាទីក្រុងញូវយ៉ក ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយ បញ្ជាក់អំពីការប្តេជ្ញា ចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងសកលចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការ លើកកម្ពស់គំនិតផ្តួចផ្តើមសុខភាពសាធារណៈ។
ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ គឺជាអង្គភាពដឹកនាំ ដែលមានភារកិច្ច កំណត់ទិសដៅយុទ្ធសាស្ត្រ និងធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការចាត់វិធានការសកល ឆ្លើយតបនឹងជំងឺ អេដស៍។ ការជាប់ជាសមាជិកសាជាថ្មីនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីដ៏សំខាន់នេះ ឆ្លុះបញ្ចាំងអំពីទំនុក ចិត្ត និងការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ ចំពោះការចូលរួមចំណែក និងភាពជាអ្នកដឹកនាំ របស់កម្ពុជា ក្នុងការពង្រឹងអាទិភាពសុខភាពសកល។ ក្នុងឱកាសដែលកម្ពុជានឹងបន្តអនុវត្តនូវភារកិច្ចដ៏ សំខាន់នេះ កម្ពុជានឹងបន្តដើរតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយបុរេសកម្ម ការចាត់វិធានការគោលដៅ និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធតំបន់ និងអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋសមាជិកទាំងអស់ដែលបាន គាំទ្រ និងមានទំនុកចិត្តមកលើកម្ពុជា។ កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់អង្គការយូអិនអេដស៍ ដើម្បីពង្រឹងគំនិតផ្តួចផ្តើមសុខភាពសាធារណៈដែលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងភាពធន់ ក្នុងសាមគ្គីភាព និងទំនួលខុសត្រូវរួម៕
ដោយ ៖ សិលា