ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ ក្រើនរំលឹកពលរដ្ឋចិនស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញតាមច្រកព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ចែករំលែក៖

អន្តរជាតិ៖ ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែមិថុនាម្សិលមិញ ដោយក្រើនរំលឹកពលរដ្ឋចិនដែលស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញពីប្រទេសអ៊ីរ៉ង់ ឬត្រឡប់ទៅប្រទេសចិនវិញតាមច្រកព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្ថានទូតចិនបានសម្របសម្រួលជាមួយប្រទេសអ៊ីរ៉ង់ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋចិនចាកចេញ។ នេះបេីយោងតាមការចុះផ្សាយរបស់គេហទំព័រ «CCFR China state-controlled media »។

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ភាពតានតឹងនៃការប៉ះទង្គិចរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបានបន្តកើនឡើង ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយហានិភ័យនៃការបាត់ការគ្រប់គ្រងមានកម្រិតខ្ពស់។ ពលរដ្ឋចិនជាច្រើននាក់ដែលស្នាក់នៅអ៊ីរ៉ង់បានទាក់ទងតាមទូរស័ព្ទទៅស្ថានទូតចិនដើម្បីសួរថា តើពេលណាទើបបើកអាកាសយានដ្ឋានឡើងវិញ ហើយពេលណាទើបមានជើងហោះហើរឡើងវិញ។

តាមដំណឹងដែលស្ថានទូតចិនទទួលបានឱ្យដឹងថា ដែនអាកាសរបស់អ៊ីរ៉ង់នៅតែបិទដដែល ហើយច្រកព្រំដែនដីគោកនានារបស់អ៊ីរ៉ង់ក៏ប្រឈមនឹងហានិភ័យនៃការបិទនាពេលខាងមុខផងដែរ។ ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ បានសម្របសម្រួលជាមួយភាគីអ៊ីរ៉ង់ ដើម្បីផ្តល់ភាពងាយស្រួលឱ្យពលរដ្ឋចិនចាកចេញ ព្រមនិងបានក្រើនរំលឹកពលរដ្ឋចិនស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញតាមច្រកព្រំដែនគោកឱ្យបានឆាប់៕

ដោយ៖តារា


ចែករំលែក៖