ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែនជាមួយថៃរដ្ឋាភិបាលកំពុងដោះស្រាយលើជំហររក្សាសន្ដិភាព និងឧត្តមប្រយោជន៍ជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារពិសេសបញ្ជាក់ជាថ្មីថា៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅ គឺកម្ពុជាបាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ជូនចំពោះមហាជនក្នុងឱកាសរៀបចំពីធីដំណើរថ្មើរជើងរួមគ្នា (Solidarity March)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកដល់ព្រះរាជគុណូបការៈដ៏ឧត្តុងឧត្តម និងថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងាករដណ្ដើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងការពារបូរណភាពទឹកដីកម្ពុជាតាមរយៈការទទួលបានជោគជ័យលើរឿងក្ដីប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២។

សម្ដេចធិបតី បានថ្លែងអំណរគុណ និងដឹងគុណដល់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសជាតិប្រកបដោយការលះបង់ ការខិតខំប្រឹងប្រែង និងទំនួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ រហូតផ្ដល់សន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន។

សម្ដេចធិបតី ថ្លែងបញ្ជាក់នៅក្នុងស្មារតីនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្ដេជ្ញាបន្តបេសកកម្ម និងគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីថែរក្សា ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្ដិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ថ្លែងបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃដែលកំពុងឡើងកម្ដៅ កម្ពុជាបាននឹងកំពុងដោះស្រាយដោយជំហររក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សម្ដេចបន្ថែមថា កម្ពុជាបន្តប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីបន្តការវាស់វែងខណ្ឌសីហា និងបោះបង្គោលព្រំដែនដែលនៅសេសសល់ លើកលែងតែនៅតំបន់បួន គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រសាទ តាក្របី និងតំបន់មុំបី ដែលកម្ពុជាបានប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកដំណោះស្រាយ ហើយលិខិតផ្លូវការរបស់កម្ពុជា បានប្រគល់ទៅឱ្យ ICJ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី ថ្លែងបន្ថែមថា កម្ពុជា ជ្រើសរើសយកដំណោះស្រាយដោយសន្ដិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ ICJ គឺដើម្បីថែរក្សាសន្ដិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

ដោយ៖តារា


ចែករំលែក៖