ថៃ៖ ក្រោយផ្ទុះឡើងនូវសម្ពាធក្នុងនយោបាយថៃ ដោយសារការប្រកាសដកខ្លួនចេញរបស់គណបក្ស Bhumjaithai ពីរដ្ឋាភិបាលចម្រុះ សម្ពាធបានធ្លាក់ទៅលើរដ្ឋាភិបាល របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រហូតដល់មានការអំពាវនាវឲ្យមានការលាងលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃ ជុំវិញសារសន្ទនាជាមួយប្រធានព្រឺទ្ធសភាកម្ពុជា ជុំវិញរឿងបើកព្រំដែនឡើងវិញ និង ការមិនទុកចិត្តមេទ័ពខ្លួនឯង។
លោកស្រី ផែថងថាន ទោះបីមានសម្ពាធផែ្នកនយោបាយផ្ទុះឡើងចាប់ពីរសៀលថ្ងៃទី១៨ ខែមិថុនាម្សិលមិញ ក៏គាត់មិនទាន់ដាក់ពាក្យលាលែងពីតូនាទីជានាយករដ្ឋមន្ត្រីថៃនៅឡើយទេ ហើយគណបក្សភឿថៃរបស់លោកស្រី បានចេញសេចក្តីប្រកាសទាំងយប់អធ្រាត្រថ្ងៃទី១៨ខែមិថុនា ដោយមិនបានបញ្ជាក់ពីការលាលែងរបស់ប្រមុខបក្សរបស់ខ្លួននោះទេ។
ក្នុងការចេញសេចក្តីថែ្លងការណ៍ទាំងយប់នោះ គណបក្សភឿថៃ បានបញ្ជាក់ពីបេសកកម្មដើម្បីការពារបូរណភាពទឹកដី និងផលប្រយោជន៍ប្រជាជនថៃ គាំទ្រគោលនយោបាយរដ្ឋាភិបាល ជាដើម។ ជាការពិត ការបាត់បង់គណបក្ស Bhumjaithai ដែលជាគណបក្សធំលំដាប់លេខរៀងទីពីរមានសមាជិករដ្ឋសភា៦៩ ពីរដ្ឋាភិបាលចម្រុះ បានធ្វើឲ្យកើតអស្ថិរភាពក្នុងរដ្ឋាភិបាលចម្រុះ ខណៈរដ្ឋាភិបាលថៃរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ត្រៀមរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃសុក្រស្អែកនេះ។
ក្នុងករណីមិនមានរដ្ឋប្រហារយោធាកើតឡើង និងគ្មានការលាឈប់របស់នាយករដ្ឋមន្ត្រីថៃ នោះការបោះឆ្នោតបាត់បង់សេចក្តីទុកចិត្តអាចនឹងធ្វើឡើង។ បន្ថែមពីលើនោះ គណបក្សភឿថៃ អាចនឹងចងសម្ព័ន្ធភាពថ្មី ដើម្បីរក្សានូវការគាំទ្រភាគច្រើននៅក្នុងសភា និង ម្យ៉ាងទៀត អាចប្រកាសបោះឆ្នោតពាក់កណ្តាលអាណត្តិ បើរដ្ឋាភិបាលបាត់បង់ទំនុកចិត្ត៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច