ភ្នំពេញ៖ រថយន្ដនិចសាន់ឈប់ចាំភ្លើងស្ដុប ត្រូវរថយន្ដដឹកថ្មមកពីក្រោយបើកក្នុងល្បឿនលឿន គេចពីម៉ូតូទៅបុកបណ្ដាលរងការខូចខាត រថយន្ដមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកស្លាកប៉ាណូមួយដើមបន្ថែមទៀតរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្ដម៉ាក និចសាន់មួយគ្រឿងពណ៌ ខៀវមួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៦A ទិសដៅពីជើងមកត្បូង បានឈប់ចាំភ្លើងស្ដុបត្រង់ចំណុចមុខបុរី អូគីដេ ស្រាប់តែពេលនោះក៏មានរថយន្ដម៉ាកហុីយិនដាយមួយគ្រឿងដឹកថ្មមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខស្វាយរៀង 3A- 0480 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខA ពីជើងមកត្បូងក្នុងល្បឿនលឿនទិសដៅស្របគ្នា បានបើកគេចពីម៉ូតូក៏ទៅបុករថយន្ដម៉ាកនិចសាន់ ដែលឈប់ចាំភ្លើងស្ដុបសញ្ញា ពីក្រោយពេញទំហឹងបណ្ដាលអោយខូចខាត មិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកឡើងសួនផ្លូវបុកស្លាកប៉ាណូបន្ថែមទៀតទើបអស់ល្បឿនរងការខូចខាតរួមទាំងរថយន្ដបង្កផងដែរ។ ភ្លាមនោះម្ចាស់រថយន្ដនិចសាន់បានបើករថយន្ដមកចតកន្លែងក្នុងបុរីឯកជនមួយកន្លែង ។
ដោយឡែកក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នករងរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ បានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែងយករថយន្ដទាំងគ្រឿងទៅរក្សាទុក ដោយសារករណីខាងលើធ្វើអោយខូចខាតដល់សម្បត្តិរដ្ឋ និងរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច