ខេត្តក្រចេះ៖យុវជនម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលបានកើតឡើងនាវេលាម៉ោង ២១និង៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជីន ចាន់ថន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងហេតុការណ៍បណ្តាលឲ្យជនរងគ្រោះឈ្មោះ រីន វ៉ាន់ថង ភេទប្រុស អាយុ ១៤ឆ្នាំ ត្រូវជាកូនប្រុសបង្កើតស្លាប់ ពេលកំពុងដេកនៅលើផ្ទះ។
ហេតុការណ៍អគ្គិភ័យឆេះផ្ទះខាងលើ បានបំផ្លាញទ្រព្យ សម្បត្តិនិងសម្ភារៈរួមមាន៖ ផ្ទះសាងសង់អំពីឈើជញ្ជាំងក្តារប្រក់ស័ង្កសី មានមានទំហំ ៧ ម៉ែត្រ × ៨ ម៉ែត្រ ម៉ូតូ ចំនួន ២ គ្រឿង ស្រូវ ឈើគ្រឿងផ្ទះមួយសម្រាប់ដែលដាក់នៅក្រោមផ្ទះ អង្ករ សម្លៀកបំពាក់ និងសម្ភារៈប្រើ ប្រាស់ត្រូវឆេះខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ ប្រមាណ ចំនួន ១៥ ០០០ ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លាអាមេរិក)។
ប្រភពដដែលបានបន្តឱ្យដឹងថា មូលហេតុដែលបង្កឱ្យកើតមានអគ្គិភ័យនេះឡើង គឺបណ្តាលមកពីឆ្លងចរន្តភ្លើងអគ្គិសនី។ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះខាងលើ កំពុងរៀបចំធ្វើពិធីបុណ្យសពជូនកូនប្រុស ដែលរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ កាលពីយប់ផងដែរ៕
ដោយ៖ សូរិយា