ព័ត៌មានទាន់ហេតុការណ៍៖

Update! រថយន្តភ្លៅ០៦ដឹកឈើកែច្នៃ១គ្រឿងទៀតត្រូវបានអនុវត្តច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះថា រថយន្តធុនធំដឹកឈើកែច្នៃ១គ្រឿងបន្ថែមទៀត ត្រូវបានអនុវត្តតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ ខណៈទើបអនុវត្តរួចចំនួន០២គ្រឿង កន្លងទៅថ្មីៗមកនេះ ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដដែលឲ្យដឹងទៀតថា ករណីមន្ត្រីជំនាញព្រៃឈើធ្វើការពិន័យអន្តរការណ៍ លើរថយន្តធុនធំភ្លៅ០៦ កង់ចំនួន២២គ្រាប់ ម៉ាកHYUNDA ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 1637 សណ្ដោងរឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 0238 មានផ្ទុកឈើក្រាក់កែច្នៃ(ជន្លង់ម្រេច)ប្រមាណជិត១០០០ដើមខាងលើនេះ កំពុងអនុវត្តតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ។ បន្ទាប់ធ្វើការបង្រ្កាបកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ 

ប្រភពពីមន្ត្រីបញ្ជាក់បន្ថែមទៀតថា កាលពីប៉ុន្មានថ្ងៃមុន មន្ត្រីបានធ្វើការពិន័យអន្តរការណ៍លើរថយន្តធុនធំ ដឹកឈើក្រាក់(កែច្នៃ)ជន្លង់ម្រេចចំនួន០២គ្រឿង ស្មើនឹងប្រមាណជិត២០០០ដើម ដោយគុណនឹង៣នៃតំលៃលើទីផ្សារ ឧទាហរណ៍ ក្នុង១ដើមតំលៃ១០០០០រៀល គុណនិង៣ស្មើចំនួន៣០០០០រៀលចឹងទៅ ហើយថវិកាត្រូវពិន័យ គឺចំណូលជាតិ ចំពោះវត្ថុតាង(មធ្យោបាយដឹកជញ្ជូន)រថយន្ត រៀបចំសំណុំឯកសារតាមនីតិវិធី ដើម្បីប្រគល់ទទួលជូនម្ចាស់ ។

 ទោះបីជាយ៉ាងណាក្ដី ករណីសមត្ថកិច្ចបង្រ្កាបរថយន្តធុនយក្សដឹកជញ្ជូនឈើក្រាក់ត្រូវបានបង្រ្កាប យកមកអនុវត្តច្បាប់នេះ ប្រភពផ្សេងៗលើកឡើងថា នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កើតមានយូរលង់មកហើយ គេមិនបង្រ្កាបទេ លើកលែងតែទំនាស់ផលប្រយោជន៍ អ្នកនេះបាន អ្នកនោះមិនបានប៉ុណ្ណោះ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖