ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានជនមិនស្គាល់មុខបានយកគ្រាប់បែកដៃ០១គ្រាប់ទៅបង្កៃចោលក្បែរថូផ្កា នៅខាងមុខហាងលក់បុកល្ហុងដ៏ល្បី១កន្លែង នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ហើយត្រូវបានម្ចាស់ហាងប្រទះឃើញភ័យស្ទើរលោះព្រលឹង នៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ០៥ កក្កដា២០២៥ នេះ ហើយក៏រាយការណ៍ភ្លាមៗ ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍។
ម្ចាស់ហាងបុកល្ហុងនោះមានយីហោ «អាជីណាត» ដែលមានឈ្មោះ វង្ស ផាណាត ភេទស្រី អាយុ៤១ឆ្នាំ ជាម្ចាស់ហាង។ ហាងបុកល្ហុង «អាជីណាត» មានទីតាំងនៅចំណុច ភូមិ ឃុំ ខាងលើ ជាប់ផ្លូវជាតិលេខ៥ ស្ថិតនៅប៉ែកខាងលិច ប៉ុស្ដិ៍នគរបាល ប្រមាណ៤០០ម៉ែត្រ។
អ្នកស្រី វង្ស ផាណាត បានផ្ដល់ព័ត៌មានថា គ្រាប់បែកនោះត្រូវគាត់ប្រទះឃើញ នៅពេលរៀបចំបើកហាងលក់ដូរ និងកំពុងបោសសំអាតខាងមុខហាង ។ ក្រោយពីប្រទះឃើញដូច្នេះ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ដើម្បីសុំជួយអន្តរាគមន៍ ។
បើតាមសមត្ថកិច្ចប្រាប់ថា គ្រាប់បែកនោះ ជាប្រភេទ«ក្រឡាទៀប»ដ៏មានគ្រោះថ្នាក់បំផុត។ គ្រាប់បែកនោះអាចបង្កគ្រោះថ្នាក់គ្រប់ពេល ប្រសិនបើមានការប៉ះពាល់ តែគេពុំទាន់ដឹងពីគោលបំណងនៃជនមិនស្គាល់មុខដែលយកទៅប្លុងនៅខាងមុខហាងបុកល្ហុងខាងលើនេះទេ ប៉ុន្តែបើពិនិត្យលើទិដ្ឋភាពជាក់ស្ដែង នេះជាទង្វើគំរាមកំហែងម្ចាស់ផ្ទះ ដែលពាក់ព័ន្ធនឹងគំនុំអ្វីមួយ។
អ្នកស្រី វង្ស ផាណាត បានរំលឹកថា កន្លងមក គាត់ធ្លាប់មានវិវាទខ្លះជាមួយអ្នកក្បែរ តែបានបញ្ចប់ហើយ។ ប៉ុន្តែបើពិនិត្យលើវិវាទនោះ ដូចជាមិនគួរកើតមានរឿងបែបនេះទេ។ ថៅកែហាងបុកល្ហុង «អាជីណាត» បានបង្ហាញនូវក្ដីបារម្ភខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្រោយពីមានជនមិនស្កាល់មុខយកគ្រាប់បែកមកប្លុងខាងមុខហាងដូច្នេះ។
អ្នកស្រីបានសំណូមពរដល់សមត្ថកិច្ចជួយស្រាវជ្រាវ វែកមុខម្ចាស់គ្រាប់បែកនេះឲ្យឃើញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ទោះយ៉ាងណា បើតាមជនរងគ្រោះបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងកម្លាំងអង្គភាពកំចាត់មីន «ស៊ីម៉ាក់» បានចុះពិនិត្យគ្រាប់បែកនោះ និងបានលើកយកគ្រាប់នោះរួចរាល់ ក្រោយធ្វើការត្រួតពិនិត្យទីតាំងកើតហេតុយ៉ាងហ្មត់ចត់ ៕
ដោយ៖ សូរិយា