ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ត បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសម្តេចសុធារស ត្រង់ចំណុចស្តុបនាគបាញ់ទឹក ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ ហុងដា wave ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ37 1-0110 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចសុធារស ឆ្ពោះទៅភ្លើងស្តុបនាគបាញ់ទឹកក្នុងគោលបំណងបត់ទៅវិថីព្រះសុរាម្រិត ។ បន្ទាប់មកគេបានឃើញរថយន្តអាល់ហ្វាដ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-0058 បើកបរតាមបណ្តោយវិថីព្រះសុរាម្រិតក្នុងទិសដៅពីកើតទៅលិច បុកគ្នាជាមួយម៉ូតូនៅផ្លូវប្រសព្វ បណ្តាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ។ ភ្លាមៗនោះពលរដ្ឋនាំគ្នាហៅរថយន្តសង្គ្រោះ ដើម្បីមកដឹកបុរសរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជាក់ស្តែងរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខខាងឆ្វេង ចំណែកម៉ូតូខូចខាតច្រើនគួរសម ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីឱ្យចុះមកវាស់វែង ហើយបានអោយភាគីទាំងសងខាងធ្វើការជជែកដោះស្រាយគ្នាដោយខាងរថយន្តព្រមសងសំណង៧០០$ដើម្បីបញ្ចប់រឿងតែម្ដង៕
ដោយ៖ ជ្រោយពេជ្រ