ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសជិះឡំប្រឺតាទៅបេនឡានបានពាក់កណ្ដាលផ្លូវត្រូវជនសង្ស័យឆក់យកកាបូបបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីជនបរទេសជិះឡំប្រឺតាបានសម្រេច រួចគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ កែងផ្លូវលេខ៨៦ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសអ្នកបើកឡំប្រឺតាបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនបរទេសចំនួន០៤នាក់ពីគិរីរម្យទៅបេនឡាននៅផ្លូវលេខ៤៧ ដោយធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវលេខ៨៦កែងផ្លូវលេខ៤៧ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់យកកាបូបពីជនបរទេសបានសម្រេច រួចជិះរត់គេចខ្លួនតាមផ្លូវលេខ៨៦បាត់ទៅ ។

បុរសអ្នកបើកឡំប្រឺតាបានបន្តថា ភ្លាមៗនោះគាត់ក៏បានបើកដេញតាមដែរ ប៉ុន្តែជនបរទេស២នាក់នោះទាមទារអោយគាត់ជូនទៅបេនឡានដើម្បីធ្វើដំណើរទៅខេត្តសៀមរាប ចំណែកជនបរទេស២នាក់ទៀតដែលត្រូវបានចោរឆក់កាបូបនោះ បានត្រឡប់ទៅកាន់ទីតាំងកើតហេតុវិញជាមួយគ្នា ដោយខកខានការធ្វើដំណើរទៅខេត្ត ព្រោះនៅក្នុងកាបូប១នោះគាត់បានដាក់សម្ភារ:ជាមួយគ្នា ទើបពួកគាត់ទាំង២មិនបានទៅខេត្តជាមួយគ្នាគាត់២នាក់ទៀត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បាននាំជនបរទេសទាំង២នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យមកចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖