ខេត្តបាត់ដំបង÷ការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយយសសូម ជម្រាបជូន សាធារណជនបានជ្រាបថា នៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២៥ នេះឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phon Pheakdey បានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា សូមជម្រាបជូនដល់បងប្អូនយើងដែលជំលៀស ចេញពីការលំបាកតាមព្រំដែន ខេត្តបន្ទាយមានជ័យ មកបាត់ដំបង ប្រយ័ត្នជួបវេទនាម្តង កំពុងបាញ់ដែរ សូមជ្រាបកន្លែងបង់ ដោយ មានភ្ជាប់រូបភាពសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងពិនិត្យរថយន្តមួយគ្រឿង។
ឃើញការផ្សព្វផ្សាយដូចនេះ យើងខ្ញុំសូមធ្វើការបំភ្លឺជូនថា ការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកមិនមែនទើបអនុវត្តថ្ងៃនេះទេ គឺបានអនុវត្តជាប់ជាប្រចាំរៀងមក ចំពោះការអនុវត្តនេះគឺបានផ្តោតសំខាន់ទៅអ្នកប្រើប្រាស់ផ្លូវដែលមិនបានអនុវត្តដោយត្រឹមត្រូវតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ការអនុវត្តន៍ប្រចាំថ្ងៃ មន្រ្តីនគរបាលផ្តោតសំខាន់ទៅលើវិធានការអប់រំណែនាំជាចំបងចំពោះអ្នកប្រើប្រាស់យាន្ត ដែលល្មើសជាជាងវិធានការផាកពិន័យ អន្តរការណ៍ ជាក់ស្តែងក្នុងរយៈពេល០២ខែ កន្លងមកនេះគឺខែ មិថុនា និងកក្កដា ឆ្នាំ ២០២៥ មន្រ្តីនគរបាលចរាចរណ៍បានធ្វើការពិនិត្យលើមធ្យោបាយល្មើសចំនួន ១.១០៣ ករណី ក្នុងនោះបាន អនុវត្តវិធានការអប់រំចំនួន១.០៦០ ករណី ហើយមានតែចំនួន ៤៣ករណីប៉ុណ្ណោះដែលមន្រ្តីនគរបាលធ្វើការផាកពិន័យអន្តរការណ៍។
ជាការកត់សម្គាលក្នុងរយៈពេលថ្មីៗនេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចាកចេញ ពីតំបន់ដែលមានជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ដោយមធ្យោបាយដឹកសំពីងសំពោងនោះ មន្រ្តីនគរបាល
ចរាចរណ៍មិនបានធ្វើការផាកពិន័យចំពោះគាត់ទេ គឺបានត្រឹមតែណែនាំចំពោះម្ចាស់យានយន្ត ដើម្បីចៀស វាងនូវករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយតែប៉ុណ្ណោះ ដូចក្នុងរូបភាពជូនភ្ជាប់ខាងក្រោមស្រាប់។
យើងខ្ញុំទទួលយកនូវមតិយោបល់របស់មហាជនទូទៅ និងសូមធ្វើការបំភ្លឺនូវបញ្ហាទាំងនេះជូនជ្រាបនិងសូមកុំមានការភាន់ច្រឡំ សូមអរគុណ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច