ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ!

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកស្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកស្រី បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត។

សូមបញ្ជាក់ថា ៖ ចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ 

(វេលាម៉ោង ១៧:៤៥នាទី)

១. ខេត្តឧត្តរមានជ័យ      ចំនួន ៣៩៥៤៦ នាក់

២. ខេត្តព្រះវិហារ           ចំនួន ៣២៥៥៨ នាក់

៣. ខេត្តបន្ទាយមានជ័យ  ចំនួន ៣៥០៥៧ នាក់

៤. ខេត្តពោធិ៍សាត់         ចំនួន ៣០២៦ នាក់

៥. ខេត្តសៀមរាប          ចំនួន ៦១៩០៧ នាក់

សរុបរួម ១៧២០៩៤  នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖