ព័ត៌មានទាន់ហេតុការណ៍៖

តុលា​ការឃុំខ្លួនក្រុមញៀនល្បែងស៊ីសង៣នាក់ក្នុងចំណោម​៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោច​ណាស់ក្រុម​ញៀនល្បែង​ស៊ីសង(អាប៉ោង)ប្រុសស្រីចំនួន០៣នាក់ក្នុងចំណោម​០៦នាក់ ត្រូវបាន​លោកចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួននិងបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច​នៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទទាំងនេះទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ នេះបើតាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក ដោក យេត ស្នងការ​រង​ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ។​

លោកវរសេនីយ៍ឯកឲ្យ​ដឹង​ទៀត​ថា ជនជាប់ចោទ ទី១-ឈ្មោះ ពិន ទិត្យ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ​ខ្មែរ កម្រិតវប្បធម៌​(រៀនថ្នាក់ទី០៨)មានទីកន្លែងកំណើត ភូមិតាកុយ ឃុំតាក្រចៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិបាក់រទេះ សង្កាត់​ព្រៃញីក្រុង-ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ លឹម សុខគង់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ​ខ្មែរ កម្រិត​វប្បធម៌​(រៀនថ្នាក់ទី០៤ថ្មី) ទីកន្លែងកំណើត ភូមិកំពង់ក្រសាំងក្រោម ឃុំ/ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិកំពង់ក្រសាំងក្រោម ឃុំ/ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី៣ -ឈ្មោះ សូត្រ ធី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ​ខ្មែរ កម្រិត​វប្បធម៌​(រៀនថ្នាក់ទី០៥ថ្មី) មានទីកន្លែងកំណើតភូមិជ្រែង ឃុំតាស្នូក ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជនជាប់ចោទ​ទាំង​០៣នាក់ត្រូវបានឃុំខ្លួនពីបទៈ បើកកន្លែងលេងល្បែងស៊ីសង កាន់កាប់​ល្បែង​ស៊ីសង ចាត់​ចែង និងភ្នាក់ងារស៊ីសង ប្រព្រឹត្តនៅភូមិកំពង់កំពង់ក្រសាំងក្រោម ឃុំ/ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ ពាក់​ព័ន្ធបទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាមបញ្ញតិមាត្រា៥ នៃច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង ។​

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំង​អន្តរាគមន៍​នៃស្នងការដ្ឋាននគរបាលស្រុកកណ្ដៀង ដឹកនាំ​ដោយលោកវរសេនីយ៍ទោ ស៊ិន ដេវីត អធិការ​រង​នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដោយឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងប្រុសស្រីខាងលើចំនួន០៦នាក់ រួមទាំងវត្ថុតាង សម្ភារៈ​មួយចំនួន​ផងដែរ ៕ ដោយៈ ប៉ឹម ពិន​


ចែករំលែក៖