ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ ប្រទេសចិនមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី

ចែករំលែក៖

ភ្នំពេញ÷ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ 

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។ បន្ទាប់មក លោកអគ្គលេខាធិការរងបានជម្រាបជូនអំពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងបានធ្វើការអត្ថាធិប្បាយលម្អិតអំពីរបបលើកទឹកចិត្តវិនិយោគ។ ទន្ទឹមនេះ លោកអគ្គលេខាធិការរងក៏បានគូសបញ្ជាក់អំពីយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជននៃបណ្តាប្រទេសមួយចំនួនក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។ 

តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការរងដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារពេលនេះ។ គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជាគឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។ 

ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមាដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)៕ដោយ:តារា


ចែករំលែក៖