ប្រទេសថៃ៖ ខេត្តរបស់ថៃ ភូតឆាប៊ុន ដែលមានផ្ទៃដីប្រមាណ ១២,៦៦៨ គីឡូម៉ែត្រការ៉េបានរងគ្រោះជន់លេចតំបន់ជាច្រើនមិនធ្លាប់កើតមានពីមុនឡើយក្នុងរយៈពេល ១៤ឆ្នាំ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅស្រុក លុមសាក់ បានបង្កឱ្យមានទឹកជន់លិច និងបាក់ទំនប់ទឹកភ្លាមៗត្រឹមតែមួយយប់តំបន់ជាច្រើនរងការជន់លេចដល់ជាង១ម៉ែត្រ។ បន្ទាប់ពីភ្លៀងខ្លាំងក្លាមិនធ្លាប់មានបង្កឲ្យទឹកទន្លេប៉ាសាក់បានជន់លិចតំបន់សេដ្ឋកិច្ច លិចទឹកផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន សាលារៀន មន្ទីពេទ្យ ជាច្រើនបង្ខំចិត្តបិទទ្វារដោយកម្ពស់ទឹកបន្តកើនឡើងខ្លាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃភ្លៀងធ្លាក់ខ្លាំងនៅស្រុកមួយចំនួននៃខេត្តភូតឆាប៊ុន ជាពិសេសស្រុក Nam Nao, Lom Kao និងស្រុក Lom Sak បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងហូរចូលទន្លេ ប៉ាសាក់ហៀរចេញ និងជន់លិចផ្ទះទាំងនៅក្នុងស្រុក Lom Sak និង Lom Kao ។ អ្នកស្រុកក្នុងតំបន់រងគ្រោះនាំគ្នាស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន ក្នុងនោះរថយន្ត ម៉ូតូ ព្រមទាំងទ្រព្យសម្បត្តិជាច្រើនរងការខូចខាតជាខ្លាំងមិនធ្លាប់កើតមានពីមុនមក។
ជាការឆ្លើយតបថៃបានបញ្ជូនគ្រឿងចក្រ និងក្រុមអ្នកជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ អាជ្ញាធរថៃបានព្រមានទៀតថាជំនន់ទឹកភ្លៀងអាចនិងបន្តកើនឡើងទៀត ហើយជំរុញឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមពីគ្រោះទឹកជំនន់។
គួរកត់សម្គាល់ថាគិតត្រឹមថ្ងៃទី ១ ខែ កញ្ញានេះក្រៅពីខេត្តថៃ ភូតឆាប៊ុន ក៏មានខេត្តថៃជាង ៤០ខេត្តកំពុងតែរងព្យុះភ្លៀង និងកើតទៅជាទឹកជំនន់ជន់លិចផ្ទះសម្បែង វត្តអារាម និងមន្ទីពេទ្យភ្លាមៗ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច