ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា និងពុទ្ធបរស័ទ ចំណុះ ជើងវត្តបានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិត នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ 

សម្តេចអគ្គមហាពញាចក្រី  និងសម្តេចធម្មវិសុទ្ធវង្សា បានអញ្ជើញបដិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូន ដល់ វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាននិងជូនចំពោះវិញ្ញាណក្ខន្ធ បុព្វបុរស អ្នក ស្នេហាជាតិ ដែលបានពលីអាយុជីវិតដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួល បានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង។ 

ក្នុងពិធីកាន់បិណ្ឌទី៤នេះដែរ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ឯកឧត្តម វង សូត និង លោក ជំទាវ បានប្រគេននូវទេយ្យទាន ទេយ្យវត្ថុ រួមមាន៖អង្ករចំនួន១តោន ទឹកបរិសុទ្ធ វីតាល់ ចំនួន១៥កេស ទឹកក្រូចចំនួន១៥កេស មីជាតិចំនួន២កេសធំ ត្រីខចំនួន២កេសធំ ទឹកដោះគោខាប់ចំនួន២កេសធំ ស្កសរ ចំនួន២បាវ ប៊ីចេងចំនួន២កេសធំ សាដក៩កញ្ចប់និងប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត ៥០ ម៉ឺន រៀល ព្រះសង្ឃទាំង៨អង្គ ក្នុង១អង្គ បច្ច័យ ១០ម៉ឺនរៀល និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ២០៥ អង្គ ក្នុង១អង្គ បច្ច័យ ២ម៉ឺនរៀល ស្មើនឹង៤លាន១០ម៉ឺនរៀលនិងចូលបច្ច័យកាន់ បិណ្ឌវេនទី៤ ចំនួន ១៥ លានរៀល។

ពិធីកាន់បិណ្ឌ ជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗ ទៀតដែលប្រជាពលរដ្ឋ ខ្មែរ តែង គោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបាន ចែកឋាន ទៅលោកខាងមុខ។ប្រជាពលរដ្ឋបានយកម្ហូបអាហារ ផ្លែឈើនិងនំចំណីទៅប្រគេនដល់ព្រះ សង្ឃគង់នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕

ដោយ ៖ សិលា

 


ចែករំលែក៖