ភ្នំពេញ៖ សាកសព បុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកប្រឡាយទឹកស្អុយនៅតាមបណ្ដោយផ្លូវរថភ្លើងបន្ទាប់ពីបាត់ខ្លួនរយះពេល២ថ្ងៃ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ០៦និង ៣០នាីព្រឹកថ្ងៃទី ០៣ខែតុលាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវរថភ្លើងខាងលិចតុលាការយោធាក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថា បុរសរូបនោះស្លាប់ដោយសារធ្លាក់ទឹកប្រឡាយលង់ស្លាប់ឬក៏ត្រូវបានគេវាយសម្លាប់ទម្លាក់ចូលទៅក្នុងក្រឡាយនោះទេ។
សពបុរសរូបនោះឈ្មោះឃុល វីរះ អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅក្រោយវត្តតាំងកសាងខាងជើងក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥ បុរសរូបនោះមកលេងផ្ទះមិត្តភក្កិនៅក្បែរកន្លែងកើតហេតុដោយអត់មានពាក់អាវ។លុះយប់ជ្រៅក៏បានធ្វើដំណើរទៅផ្ទះវិញ ស្រាប់តែនៅព្រឹកថ្ងៃទី ០៣ខែតុលាឆ្នាំ ២០២៥ មានព្រះសង្ឃបានជិះម៉ូតូកង់បីមកឈប់នៅចំណុច កន្លែងកើតហេតុក៏ប្រទះឃើញសពបុរស រូបនោះអណ្ដែតទឹកនៅក្នុងប្រឡាយរួចបង្កឲ្យមានការភ្ញាក់ផ្អើល តែម្ដង។
តាមឪពុកសពបានឲ្យដឹងថា កូនប្រុសបានបាត់ខ្លួន រយៈពេល២ថ្ងៃមកហើយក្រុមគ្រួសារបាននាំគ្នាដើររកតែពុំឃើញមិននឹកស្មានថា ប្រទះឃើញសពនៅក្នុងត្រឡាយទឹកបែបនេះ។
តាមឪពុករូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់អត់ចេះផឹកស្រាលទេ និងចេះហែលទឹកមិនអាចលង់ទឹកស្លាប់នោះទេ។ទោះបីជាយ៉ាងណារងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិនទើបអាចកំណត់ថា បុរសរូបនោះស្លាប់ដោយសារអ្វីពិតប្រាកដ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច