ភ្នំពេញ:អតីតសណ្ឋាគារអង្គរមានជ័យបានកសាងតាំងពីឆ្នាំ ១៩៥០ ដែលគិតមកដល់បច្ចុប្បន្នមានអាយុកាល ៧៥ ឆ្នាំ នៅព្រឹកថ្ងៃទី ១៣ តុលានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានដាក់គ្រឿងចក្រគ្រោងនឹងរៀបចំវាយកម្ទេចចោលនាពេលខាងមុខនេះ ដោយប្រជាពលរដ្ឋបានទទួលយកដំណោះស្រាយ និងយល់ព្រមចាកចេញហើយ!
ដោយសារស្ថានភាពបង្កគ្រោះថ្នាក់ខ្លាំងដែលអាចកើតឡើងជាយថាហេតុ។
សំណង់អាគារអតីតសណ្ឋាគារអង្គរមានជ័យចាស់ទ្រុតទ្រោមនេះ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រដ្ឋបានរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅលើអគារសហកម្មសិទ្ធិ ត្រូវមានប្រុងប្រយ័ត្ន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុដោយសារតែអគារនេះសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរ ឱ្យព្រួយបារម្ភ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោម និងត្រូវបានសាងសង់តាំងពីក្នុងអំឡុងឆ្នាំ១៩៥០។
ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ៕ដោយ៖ ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច