ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តបាត់ដំបង គឺជាខេត្តដ៏មានសក្ដានុពល ដែលបាននិងកំពុងដើរតួនាទីយ៉ាងចម្បងក្នុងប៉ូលសេដ្ឋកិច្ចទី៤ របស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ នៅរសៀល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ខេត្តបាត់ដំបង គឺជាខេត្តដ៏មានសក្ដានុពល ដែលបាននិងកំពុងដើរតួនាទីយ៉ាងចម្បងក្នុងប៉ូលសេដ្ឋកិច្ចទី៤ របស់ព្រះរាជាណាចក្រកម្ពុជាយើង។ 

ក្នុងនោះវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនចំណូលសម្រាប់ខេត្តផងដែរ។ ជាក់ស្ដែងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ចំណូលពីពន្ធប្រថាប់ត្រាផ្ទេរអចលនវត្ថុ និងអង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបានសរុបប្រមាណ ១.៦លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ខេត្តបាត់ដំបង បានបញ្ចប់រួចរាល់ស្ថាពរនូវយុទ្ធនាការវាស់វែងដីធ្លីបង្ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ វឌ្ឍនភាពនៃការចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានលទ្ធផលដូចខាងក្រោម៖

– វាស់វែងបានចំនួន ៧៥០ ៧៣០ក្បាលដី

– បានបិទផ្សាយចប់ បានចំនួន  ៥០៤ភូមិ ស្មើនឹង ៥១៣ ១៥១ក្បាលដី

– ចេញបណ្ណរួចបានចំនួន ៤៨៩ភូមិ ស្មើនឹង ៤៤៨ ៣៧៣ក្បាលដី

– ចែកបណ្ណរួចបានចំនួន ៤៤៥ ៤៧៨បណ្ណ

បន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង បានបន្តជំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការផ្ដល់សេវាសាធារណៈគាប់ចិត្តជូនប្រជាពលរដ្ឋ៕ដោយ​៖តារា​


ចែករំលែក៖