ភ្នំពេញ-សមត្ថកិច្ចនាំខ្លួនស្ត្រីជាម្តាយទៅសាកសួរនិងចាត់ការតាមនិតិវិធី បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យសពក្មេងស្រីអាយុ៤ខែ ដោយសង្ស័យម្តាយបង្កើត ឈ្មោះអ៊ុយ ថាវី អាយុ៣៣ឆ្នាំ ជាអ្នកសម្លាប់កូនស្រីឈ្មោះ អ៊ុយ ស្រីហុង អាយុ៤ ខែ នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
បើយោងតាមព័ត៍មាននៅទីតាំងកើតហេតុខាងលើបានអោយដឹងថា ជនសង្ស័យជាស្រ្តីមេម៉ាយ ហើយមានកូនស្រី២នាក់ម្នាក់អាយុ៨ឆ្នាំ និងក្មេងស្រីរងគ្រោះអាយុទើប តែបាន៤ខែ ហើយពួកគេទាំង៣នាក់ ទើបតែមកជួលបន្ទប់ខាងលើស្នាក់នៅបានរយះពេលកន្លះខែប៉ុណ្ណោះ.។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៥ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ស្ត្រីជាម្តាយបានស្រែកយំឆោឡោផ្អើលអ្នកជិតខាងនិងម្ចាស់ផ្ទះ ថាកូនស្រីគាត់ស្លាប់ហើយ។ បន្ទាប់មកលោកមេភូមិបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១។ ក្រោយពេលដែលសមត្ថកិច្ចទទួលបាន
ព័ត៍មាននេះភ្លាម កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញនគរបាលខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងជំនាញកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអង្គភាពCPU និងលោកគ្រូពេទ្យប្រចាំសាលាដំបូលរាជធានីភ្នំពេញ បានចុះមកហ៊ុំព័ទ្ធនៅទីតាំងកើតហេតុខាងលើ និងពិនិត្យសពក្មេងស្រីរងគ្រោះខាងលើអស់រយះពេលពេញមួយព្រឹក។
សមត្ថកិច្ចជំនាញពិនិត្យឃើញមានស្នាមជាំនៅលើចង្កេះរបស់ក្មេងស្រី ដោយសន្និដ្ឋានជាករណីឃាតកម្ម ទើប សមត្ថកិច្ចដាក់សង្ស័យទៅលើស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះជាអ្នកសម្លាប់កូនរបស់ខ្លួន។ សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃអធិកាដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បាននាំខ្លួនជនសង្ស័យខាងលើយកទៅធ្វើការសាកសួរតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច