ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី ក្រោយទទួលស្គាល់គុណភាពកម្រិតពិភពលោក​ ក្រុមហ៊ុនកែច្នៃក្នុងស្រុក លើកទឹកចិត្តកសិករពង្រីកផ្ទៃដីដាំដុះបន្ថែម

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ ដោយសង្កេតឃើញពីសន្ទុះនៃការកម្មង់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី​ មង់ពីអតិថិជនដែលមានស្រាប់ និងស្របពេលដែលប្រជាពលរដ្ឋខ្មែរ នៅពេលបច្ចុប្បន្ននេះពហិការឈប់ប្រើទំនេញថៃផងនោះ ធ្វើឱ្យកាហ្វេមណ្ឌលគិរី​ មានការគាំទ្រកើនឡើងលើសជាងមុនជាបន្តបន្ទាប់។ 

លោក ណុន ឌីម៉ា អាយុ៣៥ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនកែច្នៃការហ្វេក្នុងខេត្ត​មណ្ឌលគិរី​ បានឱ្យដឹងថា​ គ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី កែច្នៃដោយក្រុមហ៊ុនក្នុងស្រុក ទទួលបាននូវការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ពីវិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI(Coffee Quality Institute) ដែលជាស្ថាប័នវាយតម្លៃគុណភាពកាហ្វេពិភពលោក។

លោក ណុន ឌីម៉ា បានបន្តថា ដោយឃើញស្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង ក្នុងនាមក្រុមហ៊ុនកែច្នៃកាហ្វេលើកទឹកចិត្ត និងជំរុញដល់កសិករដែលប្រកបរបរកសិកម្មដាំដំណាំការហ្វេទាំងអស់នៅខេត្តមណ្ឌលគិរី ដែលជាដំណាំកសិឧស្សាហកម្ម បង្កើនការដាំដុះ ឬពង្រីកផ្ទៃដីបន្ថែមទៀត។​ លោកអះអាងថា៖«ពីព្រោះគ្រាប់កាហ្វេមណ្ឌលគិរីកំពុងមានតម្រូវការទីផ្សាខ្ពស់និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តជួយគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត និងកាត់បន្ថយទំនិញនាំចូល ជាពិសេសទំនេញប្រភពពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលដោយស្នាដៃកូនខ្មែរ ដែលជាផ្នែកមួយជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅស្រុក ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា​ ការហ្វេអឹមខេមណ្ឌលគិរី ជាក្រុមហ៊ុនកែច្នៃកាហ្វេខ្នាតមធ្យមមួយ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មកម្លេះ ពោលគឺមានអាយុ១៥ឆ្នាំកន្លងមកហើយ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លើសពីនេះ ក្រុមហ៊ុនរបស់លោកទទួលទិញតែកសិផល ពីកសិករនៅក្នុងតំបន់នេះតែប៉ុណ្ណោះ ដែលបានផលិតសម្រេចចែកចាយលើទីផ្សាផងដែរ។

បន្ថែមពីនេះ​ លោកថា គ្រាប់កាហ្វេដែលបានកែច្នៃផលិតនៅក្នុងក្រុមហ៊ុននេះ មានច្រើនជម្រើសតាមតម្រូវការអតិថិជនដូចជា កាហ្វេម្សៅឆុងស្រាប់ កាហ្វេលាយស្រាប់បែប៣+១ និងកាហ្វេគ្រាប់ ដែលអតិថិជនយកទៅកិនឆុងបែបម៉ាស៊ីន ផងដែរ៕ដោយ៖តារា


ចែករំលែក៖