ខេត្តបន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ បានផ្តល់អំណាយជូនជនភៀសសឹកចំនួនជាង៣០០គ្រួសារមកពីអូរបីជាន់ខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ មកស្នាក់នៅវត្តចាន់ស៊ីសាមគ្គី រតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ៖ លោក កែ គឹមយ៉ាន ជំរុញឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាស្រូវពលរដ្ឋ ក្នុងកាលៈទេសៈលំបាកនេះ ! ក្នុងនាម លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាព្រះមហាក្សត្រ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាតម្លៃស្រូវរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងជំនួបសុខទុក្ខ ក្នុងវត្តច័ន្ទស៊ី សាមគ្គី រតនារ៉ាម នាព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ លោក កែ គឹមយ៉ាន បានយល់ពីទុក្ខលំបាករបស់ពលរដ្ឋ ដែលកំពុងជួបបញ្ហាតម្លៃស្រូវផង និងបញ្ហាជម្លោះដោយសារការបង្កជម្លោះពីភាគីថៃ។ ដោយសារមើលឃើញពីផលលំបាកទាំងនេះ ឧត្តមប្រឹក្សាព្រះមហាក្សត្រ បានផ្ដាំទៅថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ឱ្យខិតខំដោះស្រាយបញ្ហាតម្លៃស្រូវ ឱ្យបានសមរម្យ។
តំណាងរាស្ត្រខេត្តបន្ទាយមានជ័យរូបនេះ ក៏បានប្រកាសទិញស្រូវពីពលរដ្ឋ១០០តោនផងដែរ ដើម្បីជួយសម្រួលទុក្ខលំបាករបស់ពួកគេ ។ ជនភៀសសឹកចំនួនជាង៣០០គ្រួសារមកពីអូរបីជាន់ខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ មកស្នាក់នៅវត្តចាន់ស៊ីសាមគ្គី រតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសេចក្តីត្រេកអរ ពីការយកចិត្តទុកដាក់ពីថ្នាក់លើ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច