សារព័ត៌មាន Sputnik កាលពីពេលថ្មីៗនេះបានដកស្រង់សម្តីតំណាងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលអាមេរិកគាំទ្របាន ប្រកាសថា អាមេរិកកំពុងតែសាងសង់ អាកាសយានដ្ឋានយោធានៅភាគខាង ជើងស្ថិតនៅចន្លោះស្រុក Sheddadi និង ស្រុក Hasakah ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម IS ។
តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធាគឺជាកន្លែងដែលមានប្រេង ច្រើនបំផុត។ តាមប្រភពព័ត៌មានបានឲ្យ ដឹងថា ទីតាំងនោះជាកន្លែងប្រើប្រាស់ដើម្បី វាយប្រហាររំដោះទីក្រុង Raqqa ។
កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម IS អាមេរិកក៏បានបើកអាកាស យានដ្ឋានយោធានៅតំបន់ Rimelan ស្ថិត នៅក្នុងខេត្ត Hasakhah និងស្រុក Kobani ស្ថិតនៅក្នុងខេត្ត Aleppo ។ បច្ចុប្បន្នការ សាងសង់ទីតាំង Sheddadi បានឈាន ដល់ដំណាក់កាលចុងក្រោយបំផុត។ តំបន់ នោះគឺសម្បូរថាមពលប្រេង និងឧស្ម័នច្រើន បំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះចាប់តាំងពីរំដោះបានតំបន់ She- ddadi ពីក្រុម IS កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវបាន ទាហានអាមេរិកប្រើប្រាសសម្រាប់វាយ ប្រហារទៅលើទីក្រុង Raqqa ដែលជា រដ្ឋធានីរបស់ក្រុម IS ហើយទីតាំងខាងលើនេះក៏អាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ។
តាមប្រភ័ពព័ត៌មានពីក្រុមទាហាន ប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពី អាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិកនឹងហោះហើរចេញពីទីនេះទៅកាន់ គោលដៅវាយប្រហារ ហើយទីតាំងនោះអាចផ្គត់ផ្គង់អាវុធបន្ថែមដល់ក្រុមបះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក អាល់ អាសាដ ។
ពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែររុស្ស៊ីបានសម្រេចបញ្ជូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរីដែលភាគី រុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយ ប្រហារដោយមីស៊ីលទៅលើយន្តហោះ ចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារទៅលើយន្តហោះចម្បាំង Su 24 ពីកម្លាំងទាហាន ទួរគីនាពេលកន្លងមក។
លោក Victor Ozerov បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារខាងលើមិនសំដៅទៅលើក្រុមភេរវកម្ម IS នោះឡើយគឺទុកការពារការវាយប្រហារទៅលើយន្តហោះ របស់រុស្ស៊ីនៅស៊ីរី។ បើទោះបីលោកមិនបាន បញ្ជាក់ច្បស់តែបានសំដៅទៅលើក្រុម ប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក។
ស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែជាប់គាំក្រោយពេលប្រទេសមហាអំណាចទាំងពីររុស្ស៊ីនិងអាមេរិកមិនចុះសម្រុងនឹងគ្នានៅក្នុងការដោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនឆ្នាំនៅស៊ីរី។
រុស្ស៊ីបាននាំយកនូវប្រព័ន្ធការពារមីស៊ីល ចូលទៅដល់ទឹកដីនៃភាគពាយ័ព្យប្រទេស ស៊ីរី។ ហេតុដូច្នេះសហរដ្ឋអាមេរិកមិនបាន គិតថា រុស្ស៊ីមានគម្រោងការណាមួយសំដៅ ទៅលើគោលដៅរបស់សហរដ្ឋអាមេរិក ឡើយ។ មន្ត្រីមួយរូបបានលើកឡើងថា វា ជាក្តី “កង្វល់មួយ” ។ គេបានដឹងច្បាស់ថា ប្រព័ន្ធការពារមីស៊ីលចំនួន៣គ្រឿងត្រូវ បាននាំយកតាមនាវាមកកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរី ។
នៅពេលនេះប្រទេសមហាអំណាចបាន ចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងអង្គការសហប្រជាជាតិដោយក្នុងនោះអាមេរិកបានចោទរុស្ស៊ីថាប្រព្រឹត្តអំពើឃោរឃៅសែនអមនុស្សធម៌នៅស៊ីរី និងវោហារបំភ្លៃ ចេញពីបបូរមាត់ ឯកអគ្គរាជទូតអង់គ្លេសដែលចោទរុស្ស៊ីថា ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីសង្កត់ធ្ងន់ថា អាមេរិកអសមត្ថភាពញែកពួកភេរវ ជនឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុល និយមចែងដោយកិច្ចព្រមព្រៀងឈប់ បាញ់នៅស៊ីរីរវាងម៉ូស្គូនឹងវ៉ាស៊ីនតោន។
នៅពេលនេះអាមេរិកនិងរុស្ស៊ីបានត្រៀម លក្ខណៈប្រឈមមុខដាក់គ្នានៅក្នុងប្រទេស ស៊ីរី ដោយប្រទេសមហាអំណាចទាំងពីរ បានខិតខំបញ្ជូនអាវុធទៅកាន់ទីនោះ។ សកម្មភាពបែបនេះនឹងធ្វើឲ្យស៊ីរីកា្លយទៅជាទីលានប្រយុទ្ធរវាងរុស្ស៊ីនឹងអាមេរិកដោយ មិនអាចរកឃើញពន្លឺសន្តិភាពនោះឡើយ៕ម៉ែវ សាធី