ព្យុះកំណាច Matthew នៅប្រទេស Haiti នាពេលនេះបានបណ្តាលឲ្យ មនុស្សបាត់បង់ជីវិត២៦៤នាក់ហេីយ នេះបើតាមតួលេខរដ្ឋាភិបាល ។ ខ្យល់ព្យុះកម្លាំងខ្លាំងនេះ នៅថ្ងៃព្រសហស្បតិ៍ បាននិងកំពុងធ្វេីដំណើរឆ្ពោះទៅកាន់រដ្ឋ Florida តាមរយៈតំបន់ Bahamas ។ នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិកឯណោះវិញ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតី នៅព្រឹកថ្ងៃទី៧ ខែតុលា បានប្រកាសដាក់ឲ្យស្ថិតនៅគ្រាអាសន្ន ដោយសារតែរងការវាយប្រហារពីខ្យល់ព្យុះនេះផងដែរ ។
ប្រធានាធិបតីអាមេរិកបានចេញបញ្ជាឲ្យកម្លាំងគ្រប់ប្រភេទធ្វើប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ និងចៀសវាងកុំឲ្យគ្រោះថ្នាក់បណ្តាលមកពីខ្យល់ព្យុះនេះកើតមានធ្ងន់ធ្ងរខ្លាំងពេកមកលើពលរដ្ឋអាមេរិកតំបន់រងគ្រោះ ។
អង្គភាពការពារសុីវិល Haiti អះអាងថា ជនរងគ្រោះបាត់បង់ជីវិត សម្រាប់តែនៅតំបន់ Caribbean ប៉ុណ្ណោះកើន២៣នាក់ទៅហើយ ។ ជនរងគ្រោះបាត់បង់ជីវិតដោយសារត្រូវដើមឈើបាក់សង្កក់ពីលើ បំណែកបាក់បែកខ្យល់បក់បោកមកចំ ឬដោយសារទឹកជំនន់ជាដើម ។
នៅជិតសាធារណរដ្ឋ Dominican មនុស្ស៤នាក់បានស្លាប់ដោយសារព្យុះកាចសាហាវ Matthew នេះដែរ ។
Matthew នេះជាព្យុះកាច់សាហាវ បំផុតដែលវាយប្រហារនៅតំបន់ Caribbean ជាងព្យុះឈ្មោះ Felix ដែលវាយប្រហារកាលឆ្នាំ២០០៧ទៅទៀត ។
ព្យុះ Matthew នេះ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ បានវាយប្រហារប្រទេស កុយបា និងហៃទី ដោយល្បឿន១៤០ម៉ាល (mile ) ក្នុង១ម៉ោង បង្កឲ្យភ្លៀងធ្លាក់ខ្លាំងជន់លិចទីប្រជុំជនទាំងមូល លិចលង់សត្វពាហនៈ ភោគផលដំណាំពោត និងលិចលំនៅឋានប្រជាពលរដ្ឋ ។
តាមការគ្រោងទុក Haiti ត្រូវបោះធ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យនេះ ប៉ុន្តែដោយការបំផ្លិចបំផ្លាញ ពីព្យុះកំណាចមួយនេះ ទើបការបោះ ឆ្នោតត្រូវពន្យារពេលវិញ ៕ ថាច់ យ៉ាត