ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា និងថៃ ជួបប្រជុំគ្នានៅព្រឹកនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា និងថៃ ជួបប្រជុំគ្នានៅព្រឹកនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។

តាមប្រភព (AKP) បានឱ្យដឹងថា ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស (Technical Instruction), ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ 

ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ 

ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕ 

ប្រភព ៖ (AKP)


ចែករំលែក៖