ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។
កម្ពុជាបដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា យោធាកម្ពុជាបានដាក់មិនថ្មី។ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ។
ទាក់ទងនឹងការលើកឡើងអំពី “មីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី” កម្ពុជាសូមគូសបញ្ជាក់ថា ការ លើកឡើងនេះត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមានកំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។
ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបាន “ទូរស័ព្ទរបស់ទាហានកម្ពុជា” កម្ពុជាសូមសម្តែងនូវក្តីព្រួយបារម្ភចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាននិងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវបានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។ បច្ចុប្បន្ន រូបភាពឬវីឌីអូអាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែ ភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ។
ក្នុងនាមជាភាគីដែលបានស្នើសុំការគាំទ្រនិងអន្តរាគមន៍ពីអាស៊ាន កម្ពុជាកោតសរសើរចំពោះតួនាទីរបស់ អាស៊ាន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងការរក្សាស្ថិរភាពក្នុងតំបន់ ក៏ប៉ុន្តែកម្ពុជាសូមបញ្ជាក់ជូនថា មកទល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ផ្លូវការណាមួយ ហើយកម្ពុជានឹងមិនទទួលយកការវាយតម្លៃណាមួយដែលមិនអនុលោមតាមនីតិវិធីព្រមព្រៀងគ្នានៅក្នុងក្របខ័ណ្ឌអាស៊ាននោះទេ។
កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ និងគោលការណ៍របស់ខ្លួន ដោយមិនមានការប្រើប្រាស់មីន ប្តេជ្ញាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន និងគាំទ្រឱ្យមានការវិភាគចំពោះរាល់ឧប្បត្តិហេតុប្រកបដោយវិជ្ជាជីវៈ តាមបែបវិទ្យាសាស្ត្រ និងមានភាពយុត្តិធម៌។ កម្ពុជាអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការវាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង។
អាជ្ញាធរមីនសម្តែងនូវការសោកស្តាយ ដែលការចោទប្រកាន់របស់ថៃម្តងហើយម្តងទៀតត្រូវបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដោយមិនមានការជូនជាដំណឹងមកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ទង្វើជាឯកតោភាគីនេះបានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំជាសាធារណៈ និងបង្កភាពស្មុគស្មាញដល់ការងាររបស់ក្រុមបច្ចេកទេសដែលកំពុងអនុវត្តការងារផ្ទាល់។
កម្ពុជានៅតែប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព តម្លាភាព និងនាំមកនូវសុវត្ថិភាពជូន ទាំងប្រជាជនកម្ពុជានិងប្រជាជនថៃ ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច