ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនទទួលបានការគាំទ្រពីពលរដ្ឋក្រោយរយៈពេល៩០ថ្ងៃកាន់អំណាច

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិនាពេលកន្លង មកបង្ហាញឲ្យឃើញថាក្នុងរយៈពេលកាន់តំណែងប្រធានាធិបតី៩០ថ្ងៃរបស់លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ។

តាមលទ្ធផលស្ទង់មតិរបស់អង្គការ Social Weather Stations (SWS) បង្ហាញ ឲ្យឃើញថា មានពលរដ្ឋប្រមាណតែ១១ភាគរយប៉ុណ្ណោះមិនពេញចិត្តទៅនឹងសកម្ម ភាពដឹកនាំរបស់លោក ឌុយទែរតេ ក្នុង រយៈពេល៣ខែកន្លងមក។ ចំណែកពលរដ្ឋពេញចិត្តលោកមាន៦៤ភាគរយជួយឲ្យលោកដំណើរការចាប់ផ្តើមដំបូងបានយ៉ាងល្អប្រសើរជាងប្រធានាធិបតីមុនៗ។ ប៉ុន្តែ លោក ឌុយទែរតេ នៅតែមិនអាចទទួល បានការពេញចិត្តច្រើនដូចអតីតប្រធានា ធិបតី Fidel Romos កាលពីឆ្នាំ១៩៩២ ដែលមានពលរដ្ឋគាំទ្រខ្ពស់បំផុតក្នុងរយៈពេល៣ខែកាន់អំណាចដំបូង។

ការស្ទង់មតិខាងលើធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែសីហា ក្រោយប្រធា នាធិបតី ឌុយទែរតេ ប្រកាសប្រឆាំងទៅ នឹងសម្តីថ្កោលទោសរបស់លោក អូបាម៉ា ទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ហើយបង្កើតសម្ពន្ធមិត្តជាមួយចិននិងរុស្ស៊ីវិញនៅពេលបញ្ចប់ណាមួយ។

សារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ឌុយទែរតេ ក្នុងសុន្ទរកថា នៅសហគមន៍ជ្វីហ្វក្នុងទីក្រុងម៉ាកាទីថា «ខ្ញុំនឹងកំណត់រចនា សម្ព័ន្ធឡើងវិញនៃគោលនយោបាយការបរ ទេសរបស់ខ្ញុំ»។

លោកបន្ថែមថា នៅពេលបញ្ចប់ណា មួយខ្ញុំនឹងកាត់ផ្តាច់ចេញពីអាមេរិក ខ្ញុំនឹងគួរ តែទៅជាមួយរុស្ស៊ីឬចិនវិញប្រសើរជាង»។

សូមជម្រាបផងដែរថា ប្រធានាធិបតី ហ្វុីលីពីនលោក ឌុយទែរតេ កាលពីចុង សប្តាហ៍មុនក៏បានលើកឡើងថា លោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិកក្នុងនោះ ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការធ្វើឲ្យប្រសើរឡើងវិស័យការពារជាតិ ដែលបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៤ផងដែរ ៕ ម៉ែវ សាធី

dwe


ចែករំលែក៖