ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែធ្នូ បានបញ្ជាក់ថា ៖ រាជធានីភ្នំពេញជាចំណុចចាប់ផ្តើមនៃការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយតាមរាជធានីខេត្ត ក្រោយយុទ្ធនាការនេះត្រូវបានបើកឱ្យដំណើរការជាផ្លូវការក្នុងខែមេសា ឆ្នាំ២០២៥។ អាជីវករ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស និស្សិត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលរាជធានី មន្ទីរព័ត៌មាន អាជ្ញាធរក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងការផ្សព្វផ្សាយជាសាធារណៈ តាមរយៈកិច្ចប្រជុំ ការចុះជួបតាមផ្សារ សាលរៀន និងទីសាធារណៈនានាក្នុងរាជធានី ពិសេសសកម្មភាពផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍Walk Street នៅរៀងរាល់សប្តាហ៍ ដោយមានការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរ មន្ត្រីមន្ទីរព័ត៌មាន មន្ទីរវប្បធម៌។ សកម្មភាពទាំងនេះបានទទួលការគាំទ្រពីសាធារណៈជន ដែលបានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន ដែលបានផ្តួចផ្តើមរៀបចំយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងបង្កើនការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងវិធានការចាំបាច់កម្ចាត់ព័ត៌មានក្លែងក្លាយចេញពីសង្គមកម្ពុជាសម្រាប់សន្តិសុខព័ត៌មាន និងការអភិវឌ្ឍ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តថា ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយបានអនុវត្តតាមបណ្តារាជធានីខេត្តចំនួន១៧ ហើយបច្ចុប្បន្នយុទ្ធនាការនេះបានធ្វើដំណើរដល់ខេត្តមណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ ខណៈយុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គមបាននិងកំពុងបន្តសកម្ម ដើម្បីផ្តល់ព័ត៌មាន និងខ្លឹមសារបែបអប់រំជូនសាធារណៈជនទូទាំងប្រទេស ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច