ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ប្រារព្ធធ្វើឡើងជាលើកទី២២ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.កប្រារព្ធធ្វើឡើងជាលើកទី២២ ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទង នឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា ៖ ឆ្នាំនេះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាបានលើកយកប្រធានបទដូចខាងលើដើម្បីពិភាក្សាផ្លាស់ ប្តូរយោបល់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មានក្នុង ការជំរុញការអប់រំបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីការទទួលខុសត្រូវលើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ការផ្សាយផ្ទាល់ រួមទាំងច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងជម្លោះព្រំដែន ចៀសវាងបញ្ហា ប្រឈមនឹងផ្លូវច្បាប់ និងការរិះគន់ពីសាធារណជន និងរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងការអភិវឌ្ឍវិស័យសារ ព័ត៌មាននៅកម្ពុជា។

លោក គឹម គុណវិឌ្ឍន៍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ប្រារព្ធធ្វើឡើងជាលើកទី២២ ឆ្នាំ២០២៥ និងអញ្ជើញចូលរួមពីឥស្សរជនមានបទពិសោធន៍វិស័យព័ត៌មាន ដូចជាលោក ផៃ សុីផាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងនិពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ចំនួន១០០រូប។ 

ដោយឡែក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ ដែលមានបទពិសោធន៍ នឹងចូលរួមជាអធិបតី និងចែករំលែកចំណេះដឹង ទាក់ទងវិស័យសារព័ត៌មានក្នុងវេទិកាដ៏មានសារៈសំខាន់នេះផងដែរ ។ 

ថ្ងៃនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ៕ 

ដោយ ៖ សិលា


ចែករំលែក៖