ព័ត៌មានទាន់ហេតុការណ៍៖

បេសកម្មសង្គមស៊ីវិលចិនចូលរួមលើកគុណតម្លៃមហាសាលសម្រាប់លើកកម្ពស់សុខភាពកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងក្របខណ្ឌនៃចំណងមិត្តភាព “ដែកថែប” រវាងកម្ពុជា និងចិន កិច្ចសហប្រតិបត្តិការមិនមែនមានត្រឹមតែលើវិស័យនយោបាយ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរីកសាយភាយយ៉ាងជ្រៅដល់កម្រិត “បេះដូងនិងបេះដូង” តាមរយៈសកម្មភាពមនុស្សធម៌របស់អង្គការសង្គមស៊ីវិលចិន។ បេសកកម្មទាំងនេះ បាននិងកំពុងផ្ដល់នូវ “ជីវិតទីពីរ” និងស្នាមញញឹមដល់កុមារកម្ពុជារាប់ពាន់នាក់ ដែលនេះគឺជាគុណតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា គម្រោងដ៏លេចធ្លោបំផុតមួយ គឺកម្មវិធីពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតដល់កុមារកម្ពុជា។ តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យជំនាញៗមកពីប្រទេសចិន និងការនាំយកកុមារកម្ពុជាទៅទទួលការវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យទំនើបៗក្នុងប្រទេសចិន សង្គមស៊ីវិលចិនបានជួយសង្គ្រោះជីវិតកុមារដែលគ្រួសារមានជីវភាពខ្វះខាត។ 

ការជួយសង្គ្រោះកុមារម្នាក់ មិនត្រឹមតែជាការសង្គ្រោះជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់សេចក្ដីសង្ឃឹមឡើងវិញដល់គ្រួសារទាំងមូល។

លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចាប់ពីឆ្នាំ២០១៨មក ដោយមានកិច្ចសហការជាមួយអង្គការYUNDI ខ្ញុំខ្លួនឯងផ្ទាល់បានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្នុងការពិនិត្យសុខភាពបេះដូងជូនដល់កុមារកម្ពុជាជិត៨០ពាន់នាក់ ហើយបានជួយសម្របសម្រួលបញ្ជូនកុមារ១២៤រូបទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃលើជំងឺបេះដូងពីកំណើត ពីមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។

ដោយឡែកចាប់ពីឆ្នាំ២០២៣មក សង្គមស៊ីវិល២បន្ថែមទៀតគឺ មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង មូលនិធិចិនPEACELAND បានគាំទ្របន្ថែមកម្លាំងដល់អង្គការYUNDI ក្នុងបុព្វហេតុលើកកម្ពស់សុខុមាលភាពជូនដល់កុមារកម្ពុជា។

តាមរយៈសកម្មភាពទាំងនេះ ទាំងប្រជាជនកម្ពុជា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងខ្ញុំ សុទ្ធតែយល់ស្របគ្នាថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជាពិតជាមានគុណតម្លៃមហាសាល ហើយជាសកម្មភាពប្រតិបត្តិការជាក់ស្តែងដែលកុមារកម្ពុជាជានិច្ចកាលទទួលបានដោយផ្ទាល់ ស្របនឹងសច្ចភាពដែលយើងទទួលស្គាល់ទាំងអស់គ្នាថា កុមារជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនរបស់ជាតិនីមួយៗ ហើយសុខភាពល្អរបស់កុមារ ជាក្តីសង្ឃឹមខ្ពស់សម្រាប់ជាតិ។»

សូមបញ្ជាក់ថា បេសកកម្មរបស់សង្គមស៊ីវិលចិននៅកម្ពុជា មិនមែនគ្រាន់តែជាជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពពោរពេញដោយទឹកចិត្តមនុស្សធម៌ ដែលបានជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារកម្ពុជាយ៉ាងពិតប្រាកដ។ ក្នុងនាមជាទំពាំងស្នងឫស្សី សុខភាពរបស់កុមារគឺជាគ្រឹះនៃអភិវឌ្ឍន៍ជាតិ ហើយការគាំទ្រពីមិត្តចិនតាមរយៈផ្លូវនេះ គឺជាត្បូងពេជ្រដ៏មានតម្លៃក្នុងទំនាក់ទំនងកម្ពុជា-ចិន៕ដោយ​៖តារា​


ចែករំលែក៖