ភ្នំពេញ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងព័ត៌មាន សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានដ៏សាហាវ ព្រៃផ្សៃ និងអមនុស្សធម៌ ពីយោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើការបាញ់ប្រហារយ៉ាងខ្លាំងខ្លាបំផុតដោយប្រើប្រាស់ អាវុធធន់ធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH មកលើប្រជាជនស៊ីវិលកម្ពុជានៅតាមបណ្តាខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ ស្លូតត្រង់ស្លាប់ របួស និងភ្លៀសខ្លួនជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញប្រាសាទបុរាណ ទ្រព្យសម្បត្តិរបស់ ប្រជាជន និងរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការឈ្លានពានរបស់យោធាថៃនេះ បានបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ប្រទេស ថែមកលើដែនអធិបតេយ្យកម្ពុជា សេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក៏ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់ មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ទង្វើឈ្លានពានប្រដាប់អាវុធដែលគួរឱ្យស្អប់ខ្ពើមបំផុតរបស់ប្រទេស ថៃនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព និងសន្តិសហ វិជ្ជមានរវាងកម្ពុជា-ថៃ ក្នុងនាមជាអ្នកជិតខាង សមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានរបស់ យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយឱ្យប្រទេសថៃត្រូវតែ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងបញ្ឈប់ជាបន្ទាន់រាល់អាកប្បកិរិយាឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់កម្ពុជា និងនៅក្នុងតំបន់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច