ព័ត៌មានទាន់ហេតុការណ៍៖

ពីរ​នាក់​បងប្អូន​បង្កើត​នាំ​គ្នា​ធ្វើ​ចោរ​មិន​ទាន់​លួច​អី​បាន​ផង ត្រូវ​ម្ចាស់ផ្ទះ​ជា​សន្តិសុខ​ស្រែក​ចោរ​ៗ​ផ្អើល​ឈុ​ល

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត​និង​គ្នា​បាន​បែកគំនិត​ធ្វើ​ចោរលួច ហើយ​ចូល​ទៅ​កាន់​ផ្ទះ​១កន្លែង​ក្នុង​បំណង​ធ្វើ​សកម្មភាព​គាស់ទ្វារ​ដើម្បី​ចូល​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ទើបតែ​ចូល​ទៅ​ដល់​មិន​ទាន់​បាន​ធ្វើ​អី​ផង ស្រាប់តែ​ម្ចាស់ផ្ទះ​ម្ចាស់ផ្ទះ​ជា​សន្តិសុខ​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ខណៈនោះ​ប្រជាពលរដ្ឋ​បាន​ជួយ​ដេញចាប់​បាន​ជនសង្ស័យ​ជា​បង ហើយ​ជន​នេះ​បាន​ស្រែក​ប្រាប់​ប្អូនប្រុស​របស់​ខ្លួន​ដែល​ជា​ជនសង្ស័យ​ទី​២​ថា​«​អាប្អូន​ឯង​ជិះ​ម៉ូតូរ​ត់ទៅ​» ។ ប៉ុន្តែ​មិន​ទាន់​បាន​ជិះ​ម៉ូតូ​ចេញ​ផង ក៏​ត្រូវ​ប្រជា​ពល​រដ្ឋចាប់​បាន​ម្នាក់​ទៀត រួច​ប្រគល់​ជូន​នគរបាល​ទាំង​២​នាក់​បង ប្អូន ដើម្បី​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​២៣៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ជា​បង​ឈ្មោះ ប៊​ន វិច្ឆិកា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ប្អូនប្រុស​ឈ្មោះ ប៊​ន រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ហើយពីរ​នាក់​បងប្អូន​បង្កើត​នេះ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ដកហូត​នៅ​វត្ថុ​តាង​មួយ​ចំនួន​មាន​ដូច​ជា សោ​ខ្សៀ​លេខ​៨​សម្រាប់​ដោះ​ខ្ចៅ​០១​ដើម​, ដែក​លួស​ស​សៃ​សម្រាប់​ឆ្កឹះ​មេសោ​២​ស​សៃរ ,​ទូរស័ព្ទ​ម៉ាក Iphone 8plus ពណ៌​ទឹកមាស១គ្រឿង,ទូរស័ព្ទ​ម៉ាក Iphone 12 ពណពណ៌១គ្រឿង ,​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៦ ស្លាក​លេខ ភ្នំពេញ 1MD- 5761 ១​គ្រឿង ។ ដោយឡែក​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​វ៉ែន ចាន់​ពន្លឺ អាយុ​៤៥​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​សន្តិសុខ​រូប​នោះ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​គាត់​កំពុង​អង្គុយ​លេង​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​មាន​ស្រមោល​មនុស្ស​ ដើរ​ចូល​តាម​ច្រក​ផ្ទះ​ជួល​ទៅ​កាន់​បន្ទប់​ជួល​នៅ​ខាងក្រោយ ។ ពេល​នោះ​គាត់​មានការ​សង្ស័យ​ ក៏​ដើរទៅ​តាម​មើល​ពីក្រោយ ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ ប៊​ន វិច្ឆិកា ដែល​ជា​បង​ក៏​ឃាត់​សួរនាំ​ថា​មកពីណា​ទៅ​ណា​ហើយ​មានការ​អ្វី ? ព្រោះ​គាត់​មិន​ដែល​ស្គាល់​ជន​នោះ​ឡើយ ។

បុរស​នោះ​ប្រាប់​បន្ត​ថា គ្រាន់តែ​គាត់​សួរនាំ​ស្រាប់តែ​ជន សង្ស័យ​ភ័យ​ស្លន់ស្លោរ រួច​ក៏​បោះចោល​សម្ភារៈ​សម្រាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ពី​ក្នុង​ហោប៉ៅ ភ្លាម​ៗ​នោះ​គាត់​ឃើញ​និង​ស្គាល់​ថា​ជា​សម្ភារៈ​សម្រាប់​ឆ្កឹះ​សោ​ផ្ទះ ។ គាត់​ក៏​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​ភ្លាម​ៗ ព្រមទាំង​ប្រមូល​វត្ថុ​តាង​គឺ​ឧបករណ៍​គាស់​ផ្ទះ​ទុក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា មុន​ដំបូង​គាត់​ស្មានថា​ជនសង្ស័យ​នេះ​មាន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ស្រាប់តែ​ជ​ជនសង្ស័យ​រូប​នេះ​ស្រែក​ប្រាប់​ឲ្យ​ជនសង្ស័យ​ទី​២​ដែល​ជា​ប្អូនប្រុស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន ទើប​គាត់​ស្រែក​ឲ្យ​អ្នក​ជិតខាង​ក្បែរ​នោះ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ប្អូន​នោះ​បាន​ម្នាក់​ទៀត ។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ទៅ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឲ្យ​ទៅ​យក​ជនសង្ស័យ​ទាំង​០២​នាក់​រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕


ចែករំលែក៖