ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូនៅខេត្តស្វាយរៀង ឃើញបង្ហោះលក់នៅភ្នំពេញ ម្ចាស់ឃាត់ខ្លួនជនសង្ស័យម្នាក់ នាំទៅដល់ប៉ុស្តិ៍នគរបាលដោះលែងវិញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាងភ្លើងម្នាក់ បាត់ម៉ូតូ១គ្រឿង លុះ២ថ្ងៃក្រោយមកឃើញគេបង្ហោះលក់ម៉ូតូរបស់ខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក នៅឯរាជធានីភ្នំពេញ ម្ចាស់ម៉ូតូរូបនោះ ក៏ប្រើល្បិច ធ្វើជាទៅរកទិញ ដល់ទីតាំងដាក់លក់ម៉ូតូនោះ រួចក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ តែម្ដង ។

ខណៈនោះ ជនសង្ស័យ និយាយថា មានមិត្តភក្ដិម្នាក់ ផ្ញើម៉ូតូនោះ ឲ្យខ្លួនជួយលក់ឲ្យទេ ដោយប្រាប់ថា ជាម៉ូតូដែលតុលាការលក់ឡាយឡុង ខ្លួនមិនដឹងថា ជាម៉ូតូចោរឡើយ ចំណែកនគរបាល បានឲ្យភាគីទាំង២ សម្រប សម្រួលគ្នានៅក្រៅប៉ុស្តិ៍ ដើម្បីបញ្ចប់រឿងនោះ ។

ពេលនោះ ម្ចាស់ម៉ូតូសម្រេចអត់ប្ដឹងទេ គឺសុំយកតែម៉ូតូរបស់ខ្លួនវិញ ក៏រួចគ្នា ហើយដោយផ្អែកលើជនរងគ្រោះអត់ប្ដឹង និងពុំបានដាក់បណ្ដឹងនៅឯក្រុងបាវិត ខេត្ត ស្វាយរៀងផងនោះ ទើបនគរបាលប៉ុស្តិ៍ចោមចៅទី២ ក៏បានអនុញ្ញាតឲ្យជនសង្ស័យ ត្រលប់ទៅផ្ទះវិញ ដោយមិនបានឃាត់ខ្លួន ដើម្បីស្រាវជ្រាវបន្តរកបក្ខពួកទៀតនោះឡើយ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅផ្លូវលំស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជាងភ្លើងដែលជាម្ចាស់ម៉ូតូឈ្មោះ បូន ទិត្យបញ្ញា អាយុ១៩ឆ្នាំ មានទីលំនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្នាក់នៅធ្វើការក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនសង្ស័យរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ព្រោះមិនត្រូវបាននគរបាលឃាត់ខ្លួនសួរនាំឡើយ ។ ជននេះមានទីលំនៅក្នុងភូមិខាងលើ និងបានប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ Brony Rider ក្នុងការបង្ហោះលក់ម៉ូតូចោរកម្មខាងលើ ។

ជាងភ្លើងរូបនោះ បានប្រាប់ថា កាលពីវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខ្លួនបានទុកម៉ូតូម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BO-7756 នៅក្នុងបន្ទប់ស្នាក់ នៅដោយចាក់សោ.កត្រឹមត្រូវ ប៉ុន្តែបន្ទប់ដេកនោះអត់មានទ្វារទេ។ បន្ទាប់មក ខ្លួនក៏ដេកលង់លក់ រហូតដល់វេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ទើបភ្ញាក់ ក៏ស្រាប់តែចោរលួចម៉ូតូទៅបាត់ ពេលនោះខ្លួនមិនបានប្ដឹងនគរបាលបាលឡើយ ។

យុវជនម្ចាស់ម៉ូតូដដែល បន្តទៀតថា បន្ទាប់មកខ្លួនក៏បានតាមរកដែរ ប៉ុន្តែមិនឃើញឡើយ លុះដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៦ មិត្តភក្តិរបស់ខ្លួនម្នាក់ បានប្រាប់ថា បានឃើញគេបង្ហោះលក់ម៉ូតូរបស់ខ្លួនតាមហ្វេសប៊ុកមួយ «ឈ្មោះBrony Rider» ។ ខណៈនោះ ខ្លួនបើកមើលហើយបានស្គាល់ថា ពិតជាម៉ូតូរបស់ខ្លួនមែន ក៏បានប្រើល្បិច ទាក់ ទងទៅកាន់ម្ចាស់ផេកហ្វេសប៊ុកនោះ ធ្វើជារកទិញម៉ូតូខាងលើ និងឲ្យជនសង្ស័យរូបនោះទម្លាក់ទីតាំងឲ្យ ។

យុវជនម្នាក់នេះ បន្ថែមថា ក្រោយពីបានទៅទីតាំងលក់ម៉ូតូនោះ ក៏បានឃើញម៉ូតូរបស់ខ្លួននៅទីនោះមែន ហើយជនសង្ស័យលក់ក្នុងតម្លៃ៥៥០ដុល្លារ បន្ទាប់មក ខ្លួនក៏ប្រាប់ថា ខ្វះលុយ សុំទៅដកលុយសិន រួចក៏ចាកចេញពីទីនោះ។ មួយសន្ទុះក្រោយមក ទើបត្រលប់ទៅវិញម្ដងទៀត រួចក៏ឃាត់ខ្លួនជនសង្ស័យអ្នកលក់ម៉ូតូរបស់ខ្លួនខាងលើ នាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមទី២តែម្ដង ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាននិយាយថា មានមិត្តភក្ដិរបស់ខ្លួនម្នាក់រស់នៅម្ដុំវត្តស្លែង បានយកម៉ូតូ១គ្រឿងនេះ ទៅឲ្យខ្លួនជួយលក់ ដោយប្រាប់ថា ជាម៉ូតូ ដែលតុលាការលក់ឡាយឡុង អត់មានកាតគ្រីទេ។ ពេលនោះ ខ្លួនក៏បានទទួលជួយដាក់លក់ឲ្យដោយមិនបានដឹងថា ជាម៉ូតូចោរកម្មឡើយ ទើបខ្លួនហ៊ានថតបង្ហោះលក់បែបនេះ ចំណែកមិត្តភក្ដិនោះ ក៏ប្រាប់ខ្លួនថា នៅសល់ម៉ូតូ១គ្រឿងទៀត និងថា ចាំយកឲ្យខ្លួនជួយលក់ឲ្យទៀតផង ។

ដោយឡែកនគរបាលប៉ុស្តិ៍ចោមចៅទី២ មិនបានឃាត់ ខ្លួនជនសង្ស័យដើម្បីស្រាវជ្រាវរកបក្ខពួក ដែលជាអ្នកលួចម៉ូតូជនរងគ្រោះនោះទេ ដោយឲ្យភាគីទាំង២ សម្របសម្រួលគ្នា បញ្ចប់រឿងនៅក្រៅប៉ុស្តិ៍ ព្រោះជនរងគ្រោះ អត់មានពាក្យបណ្ដឹងនៅឯក្រុងបាវិត ខេត្ត ស្វាយរៀងឡើយ។ ប្រសិនបើមានបណ្ដឹងនគរបាលងាយស្រួលសហការណ៍គ្នាជាមួយនគរបាលក្រុងបាវិតធ្វើការ ហើយតាមរយៈការសម្របសម្រួលគ្នាក្រៅប៉ុស្តិ៍នោះ ជនរងគ្រោះ សម្រេចអត់ប្ដឹងផ្ដល់ទេ គឺសុំយកតែម៉ូតូរបស់ខ្លួនត្រលប់ទៅវិញប៉ុណ្ណោះ ។

បន្ទាប់មកនគរបាលក៏បានអនុញ្ញាតឲ្យជនសង្ស័យខាងលើរួចខ្លួន និងត្រលប់ទៅផ្ទះវិញបាត់ផងដែរ ៕


ចែករំលែក៖