ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Ranger និង Range Rover ប៉ះគ្នាខូចខាតយ៉ាងដំណំនៅខណ្ឌច្បារអំពៅ 

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប ២គ្រឿង ម៉ាក Ford Ranger និង Range Rover បណ្ដាលឱ្យរងការខូច ខាតយ៉ាងដំណំ កាលពីវេលាម៉ោងប្រមាណជាង ៨យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបាន ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង ២គ្រឿងខាងលើ បានធ្វើដំណើរមកប៉ះទង្គិចគ្នាពេញ ទំហឹង បណ្ដាលឱ្យរថយន្តម្ខាងរងការខូចខាតផ្នែកខាង មុខយ៉ាងខ្លាំង។ អ្វីដែលបង្កឱ្យមានការភ្ញាក់ផ្អើលបន្ថែមនោះ គឺនៅក្នុងអំឡុងពេលកើតហេតុ ភាគីខាងរថយន្ត Ford Ranger បានព្យាយាមហាមឃាត់ និងរារាំងមិនឱ្យអ្នកសារព័ត៌មានដែលចុះទៅដល់ទីតាំងនោះ ធ្វើការថតរូបភាព ឬផ្សព្វផ្សាយអំពីសកម្មភាពគ្រោះថ្នាក់នេះឡើយ។

បច្ចុប្បន្ន ភាគីម្ចាស់រថយន្តទាំងសងខាងកំពុងស្ថិតក្នុងស្ថានភាពចរចាគ្នា ប៉ុន្តែមិនទាន់អាចឈានដល់ការ ព្រមព្រៀងនៅឡើយទេ ទើបត្រូវរង់ចាំសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង និងដោះស្រាយតាមនីតិវិធីច្បាប់ជាបន្ត។ ចំពោះមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងបន្តធ្វើការពិនិត្យដើម្បីកំណត់ឱ្យឃើញថាខាងណាជាភាគីបង្ក៕


ចែករំលែក៖