ភ្នំពេញ៖ អាជីវករផ្សារដើមគ៩០ភាគរយ បានឯកភាពប្ដូរទីតាំងទៅលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពបន្ដគាំទ្រ លើកទឹកចិត្ដផ្ដល់អង្ករនិងសម្ភារៈបន្ថែមជូនអាជីវករជាង៣០០នាក់ដែលស្ម័គ្រចិត្ដ ទៅលក់នៅទីតាំងថ្មីនេះ ដោយលោកបានចុះមកពិនិត្យនិងធ្វើការសម្របសម្រួលបន្ថែមជាមួយម្ចាស់ផ្សារឯកជននៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៦នេះ មានឈ្មោះថា ផ្សារតា
ម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេីម្បីដោះស្រាយកង្វល់មួយចំនួនរបស់បងប្អូនដែលចង់ផ្លាស់ប្ដូរពីការលក់គ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគទៅលក់ដូរនៅទីតាំងនោះវិញ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ លោក ឃួង ស្រេង អភិបាលរាជធានិភ្នំពេញក៏បានជួប ពិភាក្សាដោយមនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខ ខណ្ឌមួយចំនួនពីអាជ្ញាធរ ម្ចាស់ផ្សារនិងអាជីវករផងដែរ។ អាជ្ញាធរក៏បានផ្តល់ការធានាក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួននៅជុំវិញផ្សារតាម៉ាប់ព្រែកជ្រៃរួមមាន៖ ទី១.ធ្វើការជួសជុលផ្លូវនិងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈតាមដងផ្លូវ២១៧ (ផ្លូវចូល) ។ ទី២.សហការជាមួយម្ចាស់ផ្សារដំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ។ ទី៣.ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូប្រឡាយឱ្យបានត្រឹមត្រូវ ។ ទី៤.ផ្តល់ការអនុគ្រោះលេីកលែងថ្លៃចាក់សំរាមនៅទីលានរយៈពេល១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយកកម្រៃអនាម័យពីអ្នកលក់ដូរ។
ដូច្នេះសូមបងប្អូនអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសដ៏សមរម្យណាមួយដែលអាជ្ញាធរបានព្យាយាម សម្របសម្រួលជូន ហើយបងប្អូនអាចមានជម្រើសទៅលក់ដូរនៅទីតាំងផ្សារដេីមគថ្មីឬផ្សារតាម៉ាប់ព្រែកជ្រៃក៏បានប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈឡេីយ។
លោក ឃួង ស្រេង បន្តទៀតថា៖ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរលេីដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់។ ដើម្បីបង្កការងាយស្រួលដល់បងប្អូនអាជីវករ អាជ្ញាធររាជធានីភ្នំពេញនឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មីចាប់ពីព្រំប្រទល់ខេត្តកណ្តាលរហូតមកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូងផ្លូវ២១៧ឱ្យបានធំទូលាយ និងណែនាំឱ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មមិចក្នុងផ្សារ។
ប្រធានផ្សារតាម៉ាប់ព្រែកជ្រៃបានបញ្ជាក់ថា៖ ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយ មានស្តង់អាជីវកម្មបន្លែផ្លែឈើនិងត្រីសាច់រាប់ពាន់ស្តង់ ដែលអាចឱ្យបងប្អូនអាជីវករលក់ដូរបាន។ ចំពោះបងប្អូនលក់ដាក់កញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនតម្រូវឱ្យបង់ថ្លៃនោះទេ ។ ចំណែកបងប្អូនអាជីវករវិញបានសម្តែងនូវក្តីរីករាយនិងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច