ខេត្តកណ្តាល៖ ជនសង្ស័យ ២នាក់ដែលធ្វើសកម្មភាពទិញលក់ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ចុះល្បាតប្រទះ ឃើញឃាត់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទាំង ២ នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ រី ភារ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ (ជាអ្នកទិញនិង ២-ឈ្មោះ សូ គឹមស្រ៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលឃ្មួញ ឃុំព្រែកគយ ស្រុកស្អាង (ជាអ្នកលក់)។
ក្រោយពិនិត្យទឹកនោម ជនសង្ស័យទាំង ២នាក់ មានសារធាតុញៀនវិជ្ជមាន (+)។ វត្ថុតាងដកហូតបានរួម មាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ២កញ្ចប់តូច, សម្ភារសម្រាប់ជក់មួយចំនួន និងម៉ូតូ ១គ្រឿង ម៉ាក Wave Alpha ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-6740។
លោកមេបញ្ជាការបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅវេលាកើតហេតុ លោកបានដឹកនាំកម្លាំងជំនាញចំនួន ៥នាក់ (រថយន្ត ១គ្រឿង និងម៉ូតូ ២គ្រឿង) ចុះល្បាតក្នុងភូមិសាស្ត្រ។ លុះមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យឈ្មោះ រី ភារ៉ុន កំពុងជិះម៉ូតូមានការសង្ស័យ កម្លាំងក៏ឃាត់សួរនាំនិងឆែកឆេរ រកឃើញថ្នាំ ញៀន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់លាក់ក្នុងកែបម៉ូតូ។
ភ្លាមៗនោះ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះខ្លួនទិញពីឈ្មោះ សូ គឹមស្រ៊ុន តម្លៃ ១០,០០០រៀល (មួយម៉ឺនរៀល) ដែលកំពុងឈរលក់នៅផ្លូវលំ។ ក្រោយទទួលបានចម្លើយសារភាព កម្លាំងអាវុធហត្ថបានបន្តទៅឃាត់ខ្លួនឈ្មោះ សូ គឹមស្រ៊ុន យកមកសាកសួរ ទើបជននេះសារភាពបន្តថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ សិត ហៅ វ៉ាងឌឺ (នៅភូមិទួលសាលា ឃុំស្អាងភ្នំ) ដើម្បីយកមកលក់បន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច