ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជនម្នាក់ក្រោយកាន់កាំបិត២ដើម ថតវីឌីអូបង្ហោះលើបណ្ដាញសង្គមដើម្បីគំរាមគូជម្លោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី២២ខែមករា ឆ្នាំ 2026 នេះថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានបង្រ្កាបកណីកាន់កាប់អាវុធខុសច្បាប់ (កាន់កាំបិត ផ្គាក់ថតបង្ហោះតាមបណ្ដាញសង្គម) ។

មន្ត្រីនគរបាលខាងលើបន្ថែមថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១០និង ៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ បានធ្វើការស្រាវ ជ្រាវករណីក្មេងទំនើងកាន់កាំបិតផ្គាក់ចំនួន០២ដើម ថតវីដេអូ បង្ហោះនៅលើបណ្ដាយសង្គមFacebook ដែលមានគណនីឈ្មោះ Kim Heang KS កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២ និង១២នាទីនៅលើបណ្ដាញសង្គម។

ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញនិងឃាត់ម្ចាស់រូបខាងលើមានឈ្មោះ ឡុន វាសនា ភេទ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថា មូលហេតុដែលរូបគេ ថតវីដេអូកាន់កាំបិតផ្គាក់បង្ហោះនៅលើបណ្ដាយសង្គមFacebook គឺដោយសារដើម្បីគំរាមកំហែង គូជម្លោះម្ខាងទៀត ដែលបានឈ្លោះគ្នាពីលើកមុន ។សមត្ថកិច្ចបានដកហូតវត្ថុតាង: កាំបិត ផ្គាក់ចំនួន២ដើមនិងទូរស័ព្ទ០១គ្រឿង ម៉ាកIPhone11 ពណ៌ក្រហម ។

បច្ចុប្បន្ននគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជូនមុខ សញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិវិធី៕


ចែករំលែក៖