ចាប់ពីរថយន្តប្រើបញ្ញាសិប្បនិម្មិត (AI) រហូតដល់យានយន្តអាចហោះបាន ក្រុមហ៊ុនដូចជា XPeng កំពុងផ្តោតលើ បច្ចេកវិទ្យាទំនើប និងការពង្រីកទីផ្សារអន្តរជាតិ នឹងជំរុញដំណាក់កាលកំណើនបន្ទាប់របស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន កំពុងដាក់គោលដៅធំៗសម្រាប់ឆ្នាំ ២០២៦ ទោះបីមានសញ្ញាបង្ហាញពីសញ្ញាមិនសូវល្អនៅទីផ្សារក្នុងស្រុកក៏ដោយ។ ដោយសារតម្រូវការក្នុងស្រុកថយចុះ និងការប្រកួតប្រជែងកាន់តែខ្លាំង ក្រុមហ៊ុនជាច្រើនកំពុងបង្វែរទិសទៅរកអ្នកប្រើប្រាស់នៅក្រៅប្រទេស ដើម្បីរក្សាកំណើន បន្ថែមទាំងទទួលបានអត្ថប្រយោជន៍ពីការសម្រាលភាពតានតឹងផ្នែកពាណិជ្ជកម្មថ្មីៗ រវាងចិន និងសហភាពអឺរ៉ុប (EU)។
កិច្ចព្រមព្រៀងសំខាន់កាលពីសប្តាហ៍មុន រវាងប៉េកាំង និងប្រ៊ុចសែល ដើម្បីដាក់កម្រិតតម្លៃអប្បបរមាលើ EV ផលិតនៅចិន ដែលនឹងជំនួសពន្ធគយរបស់ អ៊ឺរ៉ុប រហូតដល់ ៣៥% ក៏កំពុងផ្តល់ការសង្គ្រោះទាន់ពេលវេលា សម្រាប់អ្នកនាំចេញផងដែរ។
ចំនុចសំខាន់នៃយុទ្ធសាស្ត្រពង្រីកទីផ្សារនេះ គឺបច្ចេកវិទ្យា។ ក្រុមហ៊ុន EV ចិន កំពុងប្រណាំងគ្នា ដើម្បីបង្កើតភាពខុសប្លែកលើឆាកពិភពលោក តាមរយៈនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត ការបើកបរដោយស្វ័យប្រវត្តិ និងសូម្បីតែរថយន្តអាចហោះបាន។
នៅពិព័រណ៍ Aridge របស់ក្រុមហ៊ុនផលិតរថយន្តចិន XPeng ក្នុងទីក្រុងក្វាងចូវ កាលពីសប្តាហ៍មុន អ្នកទស្សនាត្រូវបានបង្ហាញទស្សនៈអនាគតនៃការធ្វើដំណើរ ដែលក្រុមហ៊ុនគិតឃើញ។ ក្រៅពីរថយន្តគំរូផ្សេងៗ ក៏មានរថយន្តអាចហោះបានដែលកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង និងអាចដាក់លក់ចាប់ពីឆ្នាំ ២០២៨។
ពិព័រណ៍នេះក៏បានបង្ហាញ “នាវាអាកាសលើដី” ដែលជារថយន្តបែបអនាគត មានកង់ ៦ និងមានផ្នែកយន្តហោះអាកាសពីរអាសនៈ អាចដោះចេញបាន ហើយរក្សាទុកនៅខាងក្រោយ។ វាអនុញ្ញាតឲ្យអ្នកប្រើ បើកបរចម្ងាយវែងលើដី ហើយបន្ទាប់មកដោះយន្តហោះ ដើម្បីហោះហើរចម្ងាយខ្លីដោយផ្ទាល់ខ្លួន។
យានយន្តនេះ គ្រោងនឹងមានតម្លៃប្រហែល ២ លានយ័ន (ប្រហែល ២៨៥,០០០ ដុល្លារអាមេរិក)។ ក្រុមហ៊ុនមានគោលបំណងចាប់ផ្តើមផលិត និងចែកចាយជាផ្លូវការនៅឆ្នាំនេះ ហើយមកដល់ពេលនេះ បានទទួលការកម្មង់ទុកជាមុនប្រហែល ៧,០០០ គ្រឿង រួមទាំង ៦០០ កម្មង់ពីក្រុមហ៊ុននៅតំបន់ឈូងសមុទ្រពែក្ស (Gulf) ផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច