ភ្នំពេញ ៖ រថយន្តម៉ាក ALPHARD មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់បានបោះពួយយ៉ាងលឿនហេីយរ៉េចង្កូតទៅបុកខឿនផ្លូវទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤:៣០នាទីភ្លឺឈានចូលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាប់អំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ALPHARDពណ៌ខ្មៅ មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BW-6898 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រ៉េចង្កូតឡើងខឿនផ្លូវ រួចបន្តល្បឿនទៅបុកនិងបង្គោលស្លាកប៉ាណូដាក់ផ្សាយពាណិជ្ជកម្មបាក់មួួយដើមចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះអ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច