ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្ថិតនៅក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម ខេត្តកណ្តាល សរុបចំនួន ១៩៦នាក់។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សថ្នាក់ដឹកនាំ ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត ព្រមទាំងជម្រាបជូននូវគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងនឹងវិវាទគ្រួសារ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១១,៩៧២,០០០រៀល៕
ប្រភព៖នាយកដ្ឋានព័ត៌មាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច