ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១ និងរបួសស្រាលធ្ងន់៥នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១២៖៤០នាទី លើផ្លូវជាតិ57B នៅត្រង់ចំណុចក្រុមទី០១ ភូមិអូរចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងម៉ូតូ និងរថយន្តបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសស្រាលនិងធ្ងន់ ០៥នាក់។

តាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក ហុងដាសាមិចស៊ុបពើប្រូ (KAMAX SUPER PRO) ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AZ-7771 អ្នកបើកបរឈ្មោះ ស៊ីម សុកាន់យ៉ា ភេទប្រុស អាយុ១៥ឆ្នាំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព) មានទីលំនៅបច្ចុប្បន្នភូមិអូរចំណិប ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងរថយន្តពីបាំងម៉ាក នីសាន់ណាវ៉ារ៉ាស៊េរី ពណ៌ទឹក ក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 2AT-1896 អ្នកបើកបរឈ្មោះ មី ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ មី ឆាយមួយចេង ភេទស្រី អាយុ១៨ឆ្នាំ (របួសធ្ងន់), ឈ្មោះមី ឆាយហុងសែ ភេទប្រុស អាយុ១៣ឆ្នាំ, ឈ្មោះមី ឆាយហុង ភេទប្រុស អាយុ១២ឆ្នាំ និងឈ្មោះ អ៊ំ យឿន ភេទ ប្រុស អាយុ៥៨ឆ្នាំ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងសាក្សី បានបញ្ជាក់ដឹងថា៖ រថយន្ត ធ្វេីដំណើរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចដោយបើកបរមិនប្រកាន់ស្ដាំ បានរ៉េចង្គោតបុកម៉ូតូពេញទំហឹងតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖