ខេត្តកំពង់ស្ពឺ៖ ដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានធ្វេីការស្រាវជ្រាវជាបន្ទាន់លេីករណីគប់កញ្ចក់រថយន្ដ
HIGHT LANDER ពណ៌ខ្មៅ ដែលពលរដ្ឋបានចែកចាយព័ត៌មានតាមរយៈបណ្ដាញសង្គមនិងបណ្ដឹងផ្ទាល់។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋឲ្យដឹងថា ករណីគប់កញ្ចក់រថយន្ដ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា Scoopy ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LT-7578 រីឯជនរងគ្រោះជាម្ចាស់រថយន្ដឈ្មោះ ប៊ិន វៅ ភេទប្រុស អាយុ៤៩ឆ្នាំ រថយន្តពាក់ផ្លាកលេខភ្នំពេញ2U-4077 ។ មូលហេតុដោយសាររថយន្ដបេីកវ៉ាម៉ូតូរួចបត់មកឈប់ចតកន្លែងដូរលុយធ្វេីឱ្យជនសង្ស័យខឹងសម្បាក៏រើសដុំថ្មធ្វើសកម្មភាពគប់កញ្ចក់រថយន្តតែម្ដង បណ្ដាលឱ្យបែកធ្លុះចូលទៅក្នុងរថយន្ដ រួចហើយជិះគេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានេះ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍ទួលអំពិល ធ្វើការស្រាវជ្រាវដល់ចំណុចភូមិព្រៃ
ស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ បានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឆិល ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់រួមជាមួយមធ្យោបាយម៉ូតូ១គ្រឿង និងបន្ដឃាត់ខ្លួនឈ្មោះ អាត់ ដាណេត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មកស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ជាអ្នករួមដំណើរបញ្ជូនមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
តាមចម្លើយជនសង្ស័យ គឺគេខឹងម្ចាស់រថយន្ដបេីកវ៉ាកៀររួចបត់ភ្លាមតែម្ដងដោយបង្កការភ័យខ្លាចនិងហុយដីធ្វេីអោយខ្លួនខឹងទេីបគប់កញ្ចក់តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ដ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច