ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យមន្ដ្រីជំនាញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋដែលទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត ។
លោកបានជំរុញបែបនេះ ក្នុងពិធីពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអង្គសន្និបាតឱ្យយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធលើប្រធានបទចំនួន១១ ក្នុងដំណើរការសន្និបាត ដែលនឹងបន្តរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ដែលប្រធានបទទាំង១១ រួមមាន៖ ១. បទអន្តរាគមន៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននិងការបោសសម្អាតក្មេងទំនើង ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ២. បទអន្តរាគមន៍ស្តីពីការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋានរដ្ឋបាល។ ៣. បទអន្តរាគមន៍ស្តីពីការងារជំរុញផ្តល់អត្ត សញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែល ទើបវិលត្រឡប់ពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ៤. បទអន្តរាគមន៍ស្តីពីវិធានការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ៥. បទអន្តរាគមន៍ស្តីពី យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ មុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តកំពង់ធំ។ ៦.បទអន្តរាគមន៍ស្តីពីការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ដោយរដ្ឋបាលខេត្តតាកែវ។ ៧.បទអន្តរាគមន៍ស្តីពី ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរដ្ឋបាលខេត្តប៉ៃលិន។ ៨.បទបង្ហាញចែករំលែកបទពិសោធអំពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ដោយ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ៩.បទបង្ហាញចែករំលែកបទពិសោធ អំពីផែនការរៀបចំដែនដីប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ រដ្ឋបាលខេត្តស្វាយរៀង។ ១០. បទបង្ហាញចែករំលែកបទពិសោធអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយអភិបាលរងខណ្ឌពោធិ៍សែនជ័យ នៃរដ្ឋបាលរាជធានីភ្នំពេញ និង ១១.បទបង្ហាញចែករំលែកបទពិសោធអំពីវឌ្ឍនភាព និងបទពិសោធទទួលបានពីការអនុវត្តអភិក្រមថ្មីក្នុងការលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអង្គការ UNICEF។
លោកអភិសន្តិបណ្ឌិត ស សុខា របាយការណ៍ និងបទអន្តរាគមន៍ ព្រមទាំងបទបង្ហាញចែករំលែកបទពិសោធដែលមានក្នុងសន្និបាតនេះគឺជាមូលដ្ឋានទិន្នន័យ និងជាព័ត៌មានដ៏មានសារៈសំខាន់ សម្រាប់ការឆ្លុះបញ្ចាំងត្រឡប់ទៅមើលលទ្ធផល និងបទពិសោធនៃការអនុវត្តការងារពេញមួយ ឆ្នាំ២០២៥ ខណៈបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធគឺជាការផ្ដល់ឱកាសជូនអង្គសន្និបាតបានស្វែងយល់ពីមេរៀន និងបទពិសោធចេញពីការអនុវត្តការងារជាក់ស្ដែងរបស់សាមីស្ថាប័ន និងតួអង្គវាគ្មិនផ្ទាល់៕ ដោយ សួស សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច