ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិប្រទះឃើញសាកសពជនជាតិចិនត្រូវគេសម្លាប់ចងដៃជើងច្រកក្នុងវ៉ាលិសយកមកបោះចោលក្នុងទឹកស្ទឹង

ចែករំលែក៖

ខេត្តព្រៃវែង ៖ សាកសពបុរសជនជាតិចិនម្នាក់ត្រូវបានឃាតកចាប់ចងដៃចងជើងច្រកក្ក្នុងវ៉ាលិស រួចដឹកយកមកបោះចោលក្នុងទឹកស្ទឹង ហើយត្រូវបានអ្នកស្រុកប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង7 និង20នាទីយប់ ថ្ងៃទី13 កុម្ភៈ ស្ថិតនៅចំណុចទឹកស្ទឹងអន្លង់វែង ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកកំចាយមារបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា បានប្រទះឃើញវ៉ាលិសធំ១ ពណ៌ខ្មៅមានសភាពគួរឲ្យសង្ស័យ មិនដឹងអ្នកណា

យកមកបោះចោលក្នុងទឹកស្ទឹងអន្លង់វែង ទើបសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ស្រង់យកវ៉ាលិសចេញពីក្នុងស្ទឹងយកមកពិនិត្យមើល ក៏ប្រទះឃើញមានសាកសពបុរសម្នាក់នៅក្នុងវ៉ាលិសនោះ ។

ប្រភពដដែលបានឱ្យដឹងថា សាកសពជនរងគ្រោះ គឺជាបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណ ពាក់អាវយឺតដៃខ្លីពណ៌ស ខោជើងខ្លីត្រឹមក្បាលជង្គង់ ត្រូវបានឃាតកចងដៃចងជើង មាត់រុំស្កុតបិទជិត មានអាយុប្រហែល40ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា គេមិនទាន់ដឹងថា ជនរងគ្រោះត្រូវបានគេសម្លាប់តាំងពីពេលណាទេ? ដោយសាររឿងអ្វី? និងដឹកយកមកពីកន្លែងណាទេ? ព្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ដោយឡែក សាកសពជនរងគ្រោះត្រូវបានគេយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ៕


ចែករំលែក៖